ភ្នំពេញ: នាយរងការិយាល័យមន្ទីរប្រឆាំងគ្រឿងញៀនគ៤ម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ ចាប់វាយខ្នោះភ្លាមៗ បន្ទាប់ពីផឹកស្រាស្រវឹង រួចបើករថយន្តមួយគ្រឿង ទៅឈប់រួចដកកាំភ្លើងអាកា បាញ់រះទម្លុះចូលផ្ទះបោកអ៊ុតទំនើបមួយកន្លែងចំនួន១១គ្រាប់ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះលេខ១០ ផ្លូវលំភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនរងគ្រោះឈ្មោះ សុង សូណា ភេទប្រុស អាយុ៣៤ឆ្នាំ ជាម្ចាស់ហាងបោកអ៊ុតទំនើប ស្នាក់នៅផ្ទះកើតហេតុ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជាខ្មាន់កាំភ្លើង បានបលើករថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយស្តារិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AX-9509មកឈប់នៅខាងមុខផ្ទះបោកអ៊ុតទំនើបខាងលើខណ:ដែលជនរងគ្រោះបានបិទទ្វារហាងហើយកំពុងអង្គុយបត់ខោអាវ ជាមួយនិងកូនៗនៅខាងក្នុងហាង។
បន្ទាប់មកបុរសជាខ្មាន់កាំភ្លើងក៏បានចុះពីលើរថយន្តរួចក៏បានយកកាំភ្លើងអាកា៤៧មួយដើមចេញពីក្នុងរថយន្តរថយន្ត ហើយក៏ធ្វើសកម្មភាពបាញ់រះចំនួន១១គ្រាប់ សំដៅចូលទៅក្នុងហាងបោកអ៊ុតខាងលើ បណ្តាលឲ្យបែកកញ្ចក់ទ្វារចំនួន២ផ្ទាំង បង្កឲ្យជនរងគ្រោះភ័យស្លន់ស្លោនាំគ្នាពួនសំងំ មិនចេញក្រៅនោះទេ។
ភ្លាមៗនោះបន្ទាប់ពីធ្វើកម្មភាពបាញ់រះរួចមក ខ្មាន់កាំភ្លើងរូបនោះ ក៏បានឡើងបើករថយន្តគេចខ្លួន ចេញពីកន្លែងកើតហេតុបាត់ស្រមោល។ ក្រោយមកជនរងគ្រោះ ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះធ្វើការអន្តរាគមន៍ភ្លាមៗតែម្ដង។
ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់កន្លែងកើតហេតុ ដោយមានវត្តមានលោកអធិការខណ្ឌសែនសុខ ហួរ ម៉េងវ៉ាង ធ្វើការដឹកនាំកម្លាំងចុះទៅស្រាវជ្រាវ និងសាកសួរនាំរហូតកំណត់មុខសញ្ញាបានភ្លាមៗ។ បន្ទាប់មកលោកអធិការខណ្ឌ ក៏បានដឹកនាំកម្លាំងចុះទៅបង្ក្រាប និងចាប់ឃាត់ខ្លួនជនល្មើសខាងលើ នៅត្រង់ចំណុចផ្ទះអត់លេខ ខាងក្រោយផ្សារទឹកថ្លាផ្លូវលំភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនល្មើសខាងលើមានឈ្មោះ អ៊េង សុវណ្ណារ៉ា ភេទប្រុសអាយុ៤៧ឆ្នាំ ជានាយរងការិយាល័យមន្ទីរប្រឆាំងគ្រឿងញៀនគ៤ ស្នាក់នៅផ្ទះអត់លេខផ្លូវបេតុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
វត្ថុតាងដកហូតបានមាន៖ កាំភ្លើងអាកា៤៧មួយដើម គ្រាប់កាំភ្លើង១១គ្រាប់ រួមទាំងរថយន្តម៉ាកស្តារិចខាងលើផងដែរ។
ក្រោយពីការសាកសួរសមត្ថកិច្ចក៏បានវាស់ជាតិអាកុលជនល្មើសខាងលើ ឃើញថា ជនល្មើសមានផ្ទុកជាតិអាកុលចំនួន 0.71 ក្នុងមួយលីតខ្យល់។ ករណីនេះ សមត្ថកិច្ច បានឲ្យដឹងថា គឺបណ្ដាលមកពីគំនុំ ព្រោះជនរងគ្រោះ និងជនល្មើសធ្លាប់មានទំនាស់ជាមួយគ្នាពីមុនមក ប៉ុន្តែសមត្ថកិច្ចមិនបានបញ្ជាក់ថា ទំនាស់រឿងអីនោះទេ។
បច្ចុប្បន្នជនល្មើសខាងលើ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចមូលដ្ឋាន បន្តការងារសាកសួរនាំ និងកសាងសំណុំរឿង ដើម្បីរង់ចាំធ្វើចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត៕