ខេត្តព្រះសីហនុ-បើយោងតាមFacebook ផ្លូវការរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អោយដឹងថារដ្ឋបាលខេត្តបានកំណត់យកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ជាថ្ងៃបេីកយុទ្ធនាការប្រមូលកាកសំណល់ សំរាម ចេញពីក្រុងព្រះសីហនុ និងថានេះគឺជាយុទ្ធនាការសម្អាតក្រុងព្រះសីហនុឱ្យមានសោភ័ណភាពស្អាត អនាម័យនិងបរិស្ថានស្អាត ប្រជាពរដ្ឋរស់នៅក្នុងផាសុខភាព និងជាទីទាក់ទាញភ្ញៀវទេសចរ ។
តាមរយៈកិច្ចប្រជុំនៅសាលាក្រុងព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាសំរាមកាលពីព្រឹកថ្ងៃ៩កក្កដា២០១៩ មន្ត្រីថ្លែងនៅក្នុងក្រុងសីហនុបច្ចុប្បន្ននេះ សំរាមដែលត្រូវបានបង្កើតឡើងប្រចាំថ្ងៃមានប្រមាណ ៧០០ តោន ហើយចំនួននេះមានការកើនឡើងដោយសារតែកំណើនប្រជាជន កំណើនវិនិយោគ និងការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋលើការវេចខ្ចប់ទំនិញ។ តាមរយៈនេះឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវអោយប្រជាពលរដ្ឋចូលរួមសម្អាតអនាម័យបរិស្ថាន វេចខ្ចប់ និងញែកសំរាមឱ្យបានត្រឹមត្រូវតាមប្រភេទសំរាមផងដែរ ដើម្បីទុកអោយក្រុមហ៊ុនដឹកសំរាមងាយស្រួលប្រមូលយក៕