ភ្នំពេញ៖ ប្រជាពលរដ្ឋក្រីក្រជាង៨៦០គ្រួសារ មកសហគមន៍ចំនួន១០ និងភូមិទាំង១៨ ក្នុងសង្កាត់គោលរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលពួកគាត់មានភាពខ្វះខាត នូវជីវភាពប្រចាំថ្ងៃ។
ក្នុងពិធីសំណេះសំណាល និងផ្តល់អំណោយរបស់កាកបាទក្រហម នៅថ្ងៃទី១៥ ខែកក្តដា នេះ នៅវត្តឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងថា “ការចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមនាពេលនេះ មិនមែនជាលើកទី១នោះទេ ហើយក៏មិនមែនជា លើកចុងក្រោយដែរ គឺបន្តចែកជូនដល់គ្រួសារដែលកំពុងជួបការលំបាក ដោយមិនសំដៅទៅលើប្រជាពលរដ្ឋទូទៅឡើយ”។ ឯកឧត្តមបញ្ជាក់ថា ថ្វីត្បិតតែនេះជាអំណោយបន្តិចបន្តួច តែបានជួយរំលែកទុក្ខលំបាករបស់បងប្អូនបានមួយចំណែកផងដែរ ហើយមិនទុកឱ្យប្រជាពលរដ្ឋណា ម្នាក់ត្រូវស្លាប់ដោយសារគ្មានស្បៀងអាហារនោះឡើយ។
ឯកឧត្តម អភិបាលរាជធានីភ្នំពេញ លើកឡើងថា អំណោយកាកបាទក្រហមទាំងអស់នេះ គឺបានមកពីការចូលរួម ឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងក្នុងសកម្មភាពដ៏ទៃផ្សេងៗទៀត ដែលពាក់ជាមួយនឹងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ សកម្មភាពទាំងនេះ គឺជាសិល្បៈនៃការចែករំលែក នៅក្នុងចំណោមប្រជាជនកម្ពុជារបស់យើង ពិតជាមានន័យធំធេង និងជ្រាលជ្រៅខ្លាំងណាស់។
ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា សកម្មភាពរបស់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ មានទិសដៅតែមួយ គឺការដោះស្រាយបញ្ហាលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសជនក្រីក្រ ជនងាយរងគ្រោះ ជនចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ និងទុរគតជននានា ដោយមិនប្រកាន់និន្នាការនយោបាយសាសនា វណ្ណៈ ពណ៌សម្បុរអ្វីឡើយ។
លោក ចៅ សង្កាត់គោករកា បានអោយដឹងថា “ប្រពលរដ្ឋក្រីក្រមកទទួលអំណោយកាកបាទក្រហមកម្ពុជា ថ្ងៃនេះមានចំនួន៨៦៣គ្រួសារ មកពីសហគមន៍ទាំង១០ និងមកពីភូមិទាំង១៨ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលពួកគាត់ពិតជាមានការខ្វះខាតខាងជីវភាពពិតប្រាកដមែន”។ លោកបន្តថា ប្រជាពលរដ្ឋក្រីក្រទាំងអស់នោះ ពួកគាត់ជាកម្មករសំណង់ រើសអេដចាយ ចាស់ជរា ស្រ្តីមេម៉ាយ និងអ្នកមានផ្ទុកជំងឺអេដស៍ជាដើម។
គោលដៅរបស់កាកបាទក្រហមកម្ពុជា បំពេញនូវបេសកម្មមនុស្សធម៌ជាច្រើន ក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះ និងជនងាយរងគ្រោះ រួមមាន ចាស់ជរា ជនគ្មានទីពឹង ស្ត្រីមេម៉ាយទុរគត ស្រ្តីសម្រាលកូន កុមារគថ្លង់ យុវជនញៀនថ្នាំ ជន ពិការ និងអ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ ជាពិសេសបានអន្តរាគមន៍បានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលបានកើតមានក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដូចជា គ្រោះអគ្គិភ័យ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួតបាក់ច្រាំងទន្លេ និងគ្រោះថ្នាក់ចរាចរណ៍ជាដើមស្របតាមទិសស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានបេសកកម្មកាកបាទក្រហមកម្ពុជា។ ខួបលើកទី១៥៦ ឆ្នាំ២០១៩នេះ បានកៀងគរ រកមូលនិធិដើម្បីបន្តប្រតិបត្តិការសកម្មភាពមនុស្សធម៌សរុបចំនួន ២០.៧៥៧.៥១០ដុល្លារ អាមេរិក ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌នៅក្នុងប្រទេសកម្ពុជា៕