នៅទីស្តីការក្រសួងបរិស្ថាន នៅរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ស្រ៊ុន ដារិទ្ឋិ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន និងជាប្រធានអង្គប្រជុំ បានបើកកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង លើគម្រោងបង្កើតរោងចក្រកែច្នៃសារាយសមុទ្រ របស់ក្រុមហ៊ុនបៅស៊ីងឡុង អ៊ិនធើណេសិនណល អ៊ីមផត អេន អ៊ិចផត លើទំហំផ្ទៃដី១៥៤.៤០២ម៉ែត្រក្រឡា ដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្តភូូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន បៅស៊ីងឡុង អ៊ិនធើណេសិនណល អ៊ីមផត អេន អ៊ិចផត ដែលគម្រោងនេះត្រូវបានសិក្សា និងវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា អេស ប៊ី ខេ ខូ អិល ធី ឌី។
កិច្ចប្រជុំទទួលបានលទ្ធផលដូចខាងក្រោម៖ ១.អង្គប្រជុំមានការគាំទ្រសម្រាប់គម្រោងវិនិយោគនេះ ២.ក្រុមហ៊ុនត្រូវកែសម្រួលនូវចំណុចខ្វះខាតនៅក្នុងរបាយការណ៍តាមការផ្តល់យោបល់របស់អង្គប្រជុំ និងនាយកដ្ឋាន EIA រួចដាក់មកក្រសួងពិនិត្យ ៣.ក្រុមហ៊ុនត្រូវរៀបចំផែនការគ្រប់គ្រងសំណល់រឹង-រាវឱ្យបានត្រឹមត្រូវ ចៀសវៀងការបង្ហូរសំណល់រាវចូលទៅក្នុងប្រភពទឹកសាធារណៈ ៤.ក្រុមហ៊ុនត្រូវរៀបចំផែនការការពារសុវត្ថិភាព និងសុខុមាលភាពបុគ្គលិកកម្មករជាប្រចាំ និងត្រូវពន្យល់ណែនាំបុគ្គលិក-កម្មករឱ្យយល់ដឹងអំពីវិធានការការពារគ្រោះថ្នាក់ការងារ និងផ្តល់ឧបករណ៍សម្ភារៈការពាររៀងរាល់ពេលបំពេញការងារ ៥.ក្រុមហ៊ុនត្រូវចូលរួមចំណែកក្នុងការដាំដើមឈើ ៦.ក្រុមហ៊ុនត្រូវយកចិត្តទុកដាក់ និងចូលរួមក្នុងយុទ្ធនាករណ៍កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ៧.សហការល្អជាមួយអាជ្ញាធរមូលដ្ឋាន និងចូលរួមអភិវឌ្ឍន៍សហគមន៍៕
កិច្ចប្រជុំនេះ មានការចូលរួមតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.វ.ក) រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរបរិស្ថានខេត្តព្រះសីហនុ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន តំណាងក្រុមហ៊ុនវិនិយោគ និងក្រុមហ៊ុនទីប្រឹក្សា។