ភ្នំពេញ៖ ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសាងសង់លើផ្ទៃដី ទំហំជាង ៨៥ ហិកតា ក្នុងតំបន់អភិវឌ្ឍន៍របស់ លោកឧកញ៉ា លី យ៉ុងផាត់។ សំណង់ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសាងសង់ជា ៣ ដំណាក់កាល ដោយមានរចនាសម្ព័ន្ធកីឡាសំខាន់ៗដូចជា មណ្ឌលកីឡាក្នុងសាលមណ្ឌលកីឡាហែលទឹក, សាលហាត់កីឡាប្រយុទ្ធ, អគារស្នាក់នៅ ,អាហារដ្ឋាន ,ទីលានហ្វឹកហាត់ក្រៅអគារ , សាលវេជ្ជសាស្ត្រ វិទ្យាសាស្ត្រកីឡា ,សាលហាត់សាច់ដុំ ,សាលកាយសម្ព័ន្ធ, សាលកីឡាបាញ់កាំភ្លើង,មជ្ឈមណ្ឌលកីឡាហុកគី និងសាលកីឡាប្រពៃណីទៀតផង។ ពហុកីឡដ្ឋានជាតិនេះនឹងទទួលរៀបចំកីឡាស៊ីហ្គេម នៅឆ្នាំ ២០២៣ ខាងមុខនេះ។
ពហុកីឡដ្ឋានជាតិនេះត្រូវចំណាយថវិកានៃការសាងសង់ប្រមាណ១,០៥០ លានយ័ន ឬ ប្រមាណជា១៦០ ទៅ១៧០ លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងពីមិត្តចិន។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីមោទភាព ចំពោះពហុកីឡដ្ឋានជាតិដ៏ធំនេះ ជាពិសេស ភាពជឿជាក់ សម្រាប់កម្ពុជាក្នុងការរៀបចំការប្រកួតស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ ខាងមុខនេះ ដែលកម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះលើកដំបូង។
សូមបញ្ជាក់ថា នាព្រឹកថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យការដ្ឋានកំពុងសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» ព្រមទាំងបានជួបសំណេះ សំណាលជាមួយកម្មករ កម្មការិនីសំណង់នៅទីនោះ ថ្នាក់ដឹកនាំ មន្ត្រី និងគ្រូបង្វឹកកីឡា និងកីឡាករ កីឡាការិនី ជាច្រើនទៀតផងដែរ ដែលពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាផងដែរ។
ដោយ សុខជា