ភ្នំពេញ ៖ ក្នុងចំណោមបុរសជនជាតិនីហ្សេរីយ៉ា៣នាក់នេះម្នាក់មានសង្សារជាស្ត្រីខ្មែរ ហើយតែងតែឈ្លោះប្រកែកវាយធ្វើបាបនាងជាញឹកញាប់ពេកទ្រាំលែងបាន ចុងក្រោយនាងជាសង្សារបានទៅប្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍ រឿងការប្រើអំពើហឹង្សា និងបង្ហើបប្រាប់នគរបាលអំពីសកម្មភាពជួញដូរគ្រឿងញៀនដ៏ធំនោះផងដែរ ហើយកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌដង្កោ ដឹកនាំដោយផ្ទាល់ពីសំណាក់លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ បានដាក់កម្លាំងតាមបង្ក្រាបរយៈពេល២ថ្ងៃ ទើបចាប់ខ្លួនបុរសជនជាតិនីហ្សេរីយ៉ាទាំង៣នាក់នោះបាន ព្រមទាំងធ្វើការដកហូតបានម្សៅក្រាមសង្ស័យជាសារធាតុញៀនចំនួន២១ដុំ ដែលតាមការអះអាងថា ស្មើរនឹងចំនួ២១គីឡូក្រាមដែលជនសង្ស័យវេចខ្ចប់យ៉ាងត្រឹមត្រូវ ។
ប្រតិបត្តិការចាប់ខ្លួនពួកគេ បានធ្វើឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៨ កក្កដា នៅក្នុងផ្ទះសំណាក់យីហោ «តូនី» ស្ថិតនៅក្នុងភូមិចំរើនផល សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ប្រភពបន្តថា ជនសង្ស័យជាជនជាតិនីហ្សេរីយ៉ាទាំង៣នាក់នោះ រួមមាន១-ឈ្មោះDAVIS CANKWDOអាយុ៣០ឆ្នាំ ជាអ្នកលក់ដូរស្នាក់នៅផ្ទះជួលលេខ១៥១ ផ្លូវបេតុងលេខ៣ ក្នុងបុរីភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ២-ឈ្មោះMADUKA JONAS CHIBUDO អាយុ៣៥ឆ្នាំ និង៣-ឈ្មោះ OBIESIE CHIKA ODIDAKA CHIEMERIE អាយុ២៥ឆ្នាំ។
យោងតាមរបាយការណ៍របស់នគរបាលខណ្ឌដង្កោបានឲ្យដឹងថា ក្នុងចំណោមអ្នកទាំង៣នោះជនសង្ស័យម្នាក់ ឈ្មោះDAVIS CANKWDO មានសង្សារម្នាក់ជាស្ត្រីជនជាតិខ្មែរ ឈ្មោះហ៊ុំ ស្រីភាស់ អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។ ជននេះ បានវាយធ្វើបាបនាងជាសង្សាររហូតនាងទ្រាំលែងបានលុះដល់វេលម៉ោង៧ និង៣០នាទីយប់ថ្ងៃ២៦ កក្កដា នាងរួមជាមួយបងប្រុសបង្កើតរបស់នាងម្នាក់ទៀត ឈ្មោះ ហ៊ុំ សាវឿន អាយុ២៩ឆ្នាំ បានទៅដាក់ពាក្យបណ្ដឹងទៅលើឈ្មោះ DAVIS CANKWDO ដែលជាសង្សារនោះ។
ប្រភពដដែលបានបន្តថា ខណៈនោះ ក្រៅពីការដាក់ពាក្យប្ដឹងអំពីការប្រើប្រាស់អំពើហិង្សារមកលើរូបនាង នាងក៏បានរាយការណ៍ប្រាប់ឲ្យដឹងថា ឈ្មោះDAVIS CANKWDOរួមជាមួយ និងបក្សពួកដែលជាជនជាតិនីហ្សេរីយ៉ា ដូចគ្នាចំនួន ០២នាក់ទៀត គឺមានឈ្មោះMADUKA JONAS CHIBUDO និងឈ្មោះ OBIESIE CHIKA ODIDAKA CHIEMERIE កំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន។ពេលនោះ លោកអធិការបានដឹកនាំកម្លាំងទៅរកចាប់ខ្លួនជនទាំងនោះ ប៉ុន្តែខណៈនោះជនសង្ស័យមិនបាននៅឡើយ គឺកំពុងស្ថិតនៅឯព្រំដែនប្រទេសឡាវ ទើបលោកដាក់កម្លាំងតាមឃ្លាំមើលពីសកម្មភាពក្រុមនេះ។
លុះដល់វេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៩ ក្រុមជនសង្ស័យបានខលហៅឲ្យរថយន្ដឈ្នួល១គ្រឿង ម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ 2AN-1557 ចេញពីភ្នំពេញ ទៅយកនៅព្រំដែនប្រទេសឡាវ ដើម្បីត្រឡប់ចូលមកភ្នំពេញវិញ រហូតដល់វេលាម៉ោង០៩ និង៣០នាទីយប់ ថ្ងៃទី២៨ កក្កដា ដដែល ក្រុមជនសង្ស័យបានត្រឡប់ចូលមកដល់រាជធានីភ្នំពេញវិញ ក្នុងគោលបំណងចូលផ្ទះរបស់សង្សារឈ្មោះ ហ៊ុំ ស្រីភាស់ ស្ថិតនៅផ្ទះជួលលេខ១៥១ ផ្លូវបេតុងលេខ៣ បុរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។ ប៉ុន្តែពេលមកដល់ចំណុចស្ពានដែកចំការដូង ក្រុមនេះ បានប្ដូរទិសដៅឆ្ពោះទៅផ្ទះសំណាក់យីហោ« តូនី »ស្ថិតនៅក្នុងភូមិចំរើនផល សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញវិញ ។
ខណៈនោះលោកវេសេនីយ៍ឯកជឹម ស៊ីថា ប្រើកម្លាំងធ្វើការឡោមព័ទ្ធ និងឆែកឆេរ ទៅលើជនសង្ស័យខាងលើ រកឃើញគ្រឿងញៀនចំនួន២១កញ្ចប់ធំ ដែលក្នុង១ដុំទម្ងន់១គីឡូរួចធ្វើការឃាត់ខ្លួននាំទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់តែម្ដង ៕
ប្រភពFB
សូមទស្សនាវីដេអូខាងក្រោម៖