Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
តើអ្វីជា “ប័ណ្ណកម្មសិទ្ធិដីធ្លី”? តើប័ណ្ណកម្មសិទ្ធិដីធ្លីនៅប្រទេសកម្ពុជា មានប៉ុន្មានប្រភេទ?

ព័ត៌មាន

តើអ្វីជា “ប័ណ្ណកម្មសិទ្ធិដីធ្លី”? តើប័ណ្ណកម្មសិទ្ធិដីធ្លីនៅប្រទេសកម្ពុជា មានប៉ុន្មានប្រភេទ?

By NCN Daily

August 01, 2019

តើអ្វីជា “ប័ណ្ណកម្មសិទ្ធិដីធ្លី”? តើប័ណ្ណកម្មសិទ្ធិដីធ្លីនៅប្រទេសកម្ពុជា មានប៉ុន្មានប្រភេទ? វិស័យដីធ្លី ដែលគេតែងនិយមហៅថា “វិស័យអចលនទ្រព្យ” នោះ កំពុងតែមានភាពរីកចម្រើន និងការ អភិវឌ្ឍន៍ពេញ ផ្ទៃប្រទេស បន្ទាប់ពីរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចនៅចន្លោះឆ្នាំ ២០០៨ និង ២០០៩ កន្លងមក។ ចាប់ពីតាំងពីចុងឆ្នាំ ២០០៩ មក ប្រទេសកម្ពុជាបានខំត្រខ្យល់ងើបចេញពីវិបត្តិនេះ ហើយប្រឹង ដើរយ៉ាង ត្រដាប ត្រដួស រហូតធ្វើអោយសេដ្ឋកិច្ចប្រទេសជាតិ មានស្ថេរភាពល្អរហូតមកទល់នឹងពេល បច្ចុប្បន្ន។

វិស័យចម្បងទាំងបួនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិ៖ វិស័យកសិកម្ម វិស័យទេសចរណ៍ វិស័យវាយនភណ្ឌ (កាត់ដេរ) និងវិស័យសំណង់ (អចលនទ្រព្យ)។

វិស័យអចលនទ្រព្យ ឬដីធ្លីនៅប្រទេសកម្ពុជា ត្រូវបានគ្រប់គ្រងដោយច្បាប់គ្រឹះមួយគឺ ច្បាប់ភូមិបាល ដែលប្រកាសអោយប្រើ និងចូលជាធរមាននៅឆ្នាំ ២០០១ និងបទបញ្ញត្តិមួយចំនួនទៀត ដែលចេញ ដោយរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ដើម្បីកំណត់ពីនិយមន័យការគ្រប់គ្រង យន្តការ រចនាសម្ព័ន្ធ ។ល។ ពាក់ព័ន្ធនឹងវិស័យដីធ្លីនេះ ។

គិតត្រឹមខែឧសភា ឆ្នាំ២០១៩ ទុនវិនិយោគក្នុងវិស័យសំណង់ ឬអចលនទ្រព្យនេះមានប្រមាណ ១៥២ លានដុល្លារ បើធៀបនឹងរយៈពេលត្រឹមខែឧសភា ឆ្នាំ២០១៨ មានត្រឹមតែ ១៣៨ លានដុល្លារ កើនឡើងជាង ៩%។ ការចូលកាន់កាប់ដីធ្លីនៅប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ មុនច្បាប់ភូមិបាល ឆ្នាំ២០០១ ចូលជាធ រមាន ប៉ុន្តែក្រោយច្បាប់ភូមិបាលចូលជាធរមាន រាល់ការចូលកាន់កាប់ដីធ្លី នៅប្រទេសកម្ពុជា មិនត្រូវបាន អនុញ្ញាតឡើយ (ខុសច្បាប់)។

រាល់ការកាន់ដីធ្លីនៅប្រទេសកម្ពុជា ត្រូវតែមានឯកសារកាន់កាប់ដីធ្លី ហើយឯកសារទាំងនោះ យើងបែង ចែកជាពីរប្រភេទ៖ ឯកសារប្រភេទប្លង់ទន់ និងឯកសារប្រភេទប្លង់រឹង ។ ហើយនៅទីនេះ យើងនឹងនឹងលើក យកមកបង្ហាញតែ ឯកសារប្រភេទប្លង់រឹង ប៉ុណ្ណោះ ។

ដើម្បីធានាពីប្រសិទ្ធភាពផ្លូវច្បាប់ត្រឹមត្រូវការកាន់កាប់ដីធ្លីនៅប្រទេសកម្ពុជាត្រូវមានប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ហើយប្លង់រឹងទាំង នោះមាន ០៣ ប្រភេទ (ជំនាន់) ផ្សេងៗគ្នា៖

១) ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាសដីធ្លី ឬគេនិយមហៅថា “ប័ណ្ណស្លាបមាន់” ឬចុងសន្លឹក

ប័ណ្ណស្លាបមាន់ប័ណ្ណប្រភេទនេះ ជាប័ណ្ណដីធ្លីដែលចេញមុនគេបង្អស់ ក្រោយរបបខ្មែរក្រហមបានដួលរលំ ។ ប័ណ្ណប្រភេទ នេះ​ត្រូវបានចេញនូវចន្លោះឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩៥ ដែលចេញដោយ អតីតការិយាល័យ សុរិយោដីខេត្ត-ក្រុង ហើយការិយា- ល័យសុរិយោដីកាលនោះ ស្ថិតនៅក្រោមក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។

ប័ណ្ណប្រភេទនេះ គេឃើញអាជ្ញាធរសុរិយោដីចេញជូនអ្នកកាន់កាប់ដីនៅទូទាំងប្រទេសកម្ពុជា ទាំងប្រភេទ ដីកសិកម្ម ដីភូមិ ឬដីលំនៅដ្ឋានគ្រប់ប្រភេទ ហើយប្លង់ប្រភេទនេះ​ នៅមានសុពល ភាពប្រើប្រាស់ រហូតដល់ បច្ចុប្បន្ន។ ប្រសិនបើដីនៅតំបន់នោះមិនទាន់ស្នើ សុំចុះបញ្ជីដីលក្ខណៈដាច់ដោយដុំ និងមិនទាន់បានចុះ បញ្ជីដីជាលក្ខណៈប្រព័ន្ធទេនោះ គឺប័ណ្ណ ឬប្លង់ប្រភេទនេះ នៅមានសុពលភាពប្រើប្រាស់ ទាំងការបញ្ជាក់ ពីភោគៈស្របច្បាប់ការដាក់បញ្ចាំ ដាក់ហ៊ីប៉ូតែក ផ្ទេរ ចែកមរតក និងការដាក់ធានាគ្រប់ប្រតិបត្តិការបាន ប៉ុន្តែវាមានសុពលភាពត្រឹមតែជាប័ណ្ណភោគៈប៉ុណ្ណោះ។

២) ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ នេះជាប្រភេទ ប័ណ្ណកម្មសិទ្ធិដីធ្លីប្រភេទ ឬជំនាន់ទីពីរ ដែលចេញជូនភោគី ឬអ្នកកាន់កាប់អចលនវត្ថុ (ដីធ្លី) ចាប់ពីចន្លោះឆ្នាំ ១៩៩៥ ដល់ពេលបច្ចុប្បន្ន ។ ប័ណ្ណសំគាល់សិទ្ធិកាន់ កាប់អចលនវត្ថុនេះក៏ ជាប្រភេទប័ណ្ណ ភោគៈដូចទីមួយ ខាងលើដែរ គឺវាមិនមែនជាប័ណ្ណបញ្ជាក់ពីកម្មសិទ្ធិដីធ្លីស្របច្បាប់ ១០០% ឡើយ។

ប័ណ្ណនេះចេញដោយមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត-ក្រុង នៃប្រទេសកម្ពុជា ចេញជូនអ្នកកាន់កាប់ដីធ្លីនៅប្រទេសកម្ពុជា ដើម្បីគ្រាន់តែបញ្ជាក់ពីភោគីស្របច្បាប់ប៉ុណ្ណោះ មិនទាន់ ក្លាយជាម្ចាស់កម្មសិទ្ធិនៃដីដែលបានកាន់កាប់នោះឡើយ ។

ដូច្នេះ ប្រភេទប័ណ្ណទី ១ និងទី ២ ខាងលើនេះ ជាប្រភេទប័ណ្ណភោគៈប៉ុណ្ណោះ ដែលមិនទាន់មាន សុពលភាព ផ្លូវច្បាប់ ១០០% នោះទេ ហើយក៏មិនទាន់បញ្ជាក់ពីកម្មសិទ្ធិករស្របច្បាប់នៃដីដែលបានកាន់កាប់នោះដែរ វាប្រៀបបានដូចជា កម្មសិទ្ធិបណ្តោះអាសន្នប៉ុណ្ណោះ ។

៣) វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នេះជាប្រភេទប័ណ្ណកម្មសិទ្ធិដីធ្លីចុងក្រោយគេ ដែលចេញចាប់តាំង ពីឆ្នាំ ២០០២ រហូតមកទល់បច្ចុប្បន្ន ។ អ្នកខ្លះនិយមហៅប័ណ្ណប្រភេទនេះថា ប័ណ្ណ ឬប្លង់ LMAP ឬប័ណ្ណប្រព័ន្ធ ដោយហេតុថា ប័ណ្ណប្រភេទនេះ ចេញជូនតែម្ចាស់ដីទាំងឡាយ ណាដែលបានចុះបញ្ជីដីរ បស់ខ្លួន ជាលក្ខណៈប្រព័ន្ធ (Systematic Land Registration) ហើយដែលការចុះបញ្ជីដីជាប្រព័ន្ធនេះ ធ្វើឡើងតាំងពីអំឡុងឆ្នាំ២០០២ មកម្លេះ ដោយមានជំនួយពីធនាគារពិភពលោក ។

នៅថ្ងៃទី០១ ខែ មិថុនា ឆ្នាំ ២០១៨ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការយល់ ព្រមដោយទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតអោយបន្ថែមប្រព័ន្ធ QR កូដនៅលើសន្លឹកប័ណ្ណដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណៈជនអាចផ្ទៀងផ្ទាត់ព័ត៌មានអចលនវត្ថុ តាមរយៈការស្កែន QR កូដនោះ។ វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ គឺជាប័ណ្ណកម្មសិទ្ធិ ដែលបញ្ជាក់ពីកម្ម សិទ្ធិស្របច្បាប់ពេញលេញតាមផ្លូវច្បាប់ ហើយដែលអ្នកកាន់កាប់ដីធ្លី ក្លាយទៅជាកម្ម សិទ្ធិករស្របច្បាប់ ១០០%​ ។

ដូច្នេះ កាលណាគេនិយាយពីប្លង់រឹង គឺបានដល់ប្លង់ទាំងបីប្រភេទនេះឯង គ្រាន់តែថា ក្នុងចំណោម ប្លង់រឹងទាំងបីនេះ គេចែកជា ០២ប្រភេទទៀត គឺប័ណ្ណប្រភេទទីមួយ និងប្រភេទទីពីរ (ជាប័ណ្ណភោគៈ) ហើយប័ណ្ណប្រភេទទី បី ទើបជាប័ណ្ណកម្មសិទ្ធិស្របច្បាប់ ១០០% (កម្មសិទ្ធិករនៃដីដែល បានកាន់កាប់ពេញលេញតាមផ្លូវច្បាប់) ។

ដក់ស្រង់ពី Realestate កែសម្រួលដោយ NCNDaily