រដ្ឋសភានឹងបើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៦ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩ ដើម្បីបោះឆ្នោតជ្រើសតំាងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម មួយរូប សម្រាប់អាណត្តិថ្មី ជំនួស សមាជិកចាស់ ដែលផុតអាណត្តិ។ នេះបើតាមការសម្រេច របស់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក៏បានអនុម័តទទួល យកសេចក្តី ព្រាងច្បាប់ចំនួនពីរ ដែលស្នើឡើងដោយរាជរដ្ឋាភិបាលមកពិនិត្យសិក្សាផងដែរ។
សេចក្តីព្រាងច្បាប់ទំាងពីរនោះមាន ទី១ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី ស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់ អង្គការហាមឃាត់អាវុធគីមី។ គណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា បានសម្រេចប្រគល់ឲ្យគណៈកម្មការ មហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ពិនិត្យសិក្សា ដោយសហការជាមួយគណៈ កម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។
ចំណែកសេចក្តីព្រាងច្បាប់មួយទៀត គឺសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម។ គណៈកម្មាធិការ អចិន្រៃ្តយ៍រដ្ឋសភា បានសម្រេចប្រគល់ឲ្យគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ពិនិត្យ និងសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ៕