ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ លោក Maithripala Sirisena ប្រធានាធិបតីស្រីលង្កា និងលោកជំទាវ បានអញ្ជើញទៅកាន់វត្តលង្កា ដើម្បីប្រគេនដើមពោធិព្រឹក្សដែលយកមកពីក្រុងអនុរាធបុរៈ ប្រទេសស្រីលង្កា ប្រគេនជូន សម្តេចព្រះមហាអរិយវង្ស សៅរ៍ ច័ន្ទថុល្ល ព្រះចៅអធិការវត្តលង្កា។
បន្ទាប់ពីពិធីសាសនានៅវត្តលង្ការួចហើយ លោកប្រធានាធិបតីក៏បានអញ្ជើញចូលរួមក្នុងពិធីដាំដើមឈើតំណាងប្រទេសស្រីលង្កាចំនួន ១០ដើម នៅមជ្ឈមណ្ឌលវិបស្សនាភ្នំឧត្តុង្គ។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកប្រធានាធិបតីស្រីលង្កា និងលោកជំទាវ មកកាន់ប្រទេសកម្ពុជានាពេលនេះ គឺបានពង្រឹងនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយថែមទៀតលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ ដែលនឹងនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ៕