ភ្នំពេញ ៖ ដំណើរជីវិតដ៏សែនអភ័ព្វត្រឹមពេលខ្លីបានរុញច្រានឲ្យ នាយតាក់ស៊ី បាត់បង់អស់ក្តីស្រមៃ ទាំងនិស្ស័យក្នុងសាសនាក៏បានបញ្ចប់ ឯរឿងស្នេហ៍ស្មោះរាប់ឆ្នាំចាំចងជាប់ចំណងគូមានបុត្ររួម នាងភីម ក៏បានត្រដាងលែងខ្មាសញាតិថា «ចប់ហើយ» នោះ បានធ្វើឲ្យមហាជនទួញទុក្ខសោកអាណិត ដ្បិតនាយគ្មានអ្វីសល់ឡើយ សូម្បីការងារដែលជាក្តីស្រលាញ់ក្នុងបេះដូងធ្លាប់ប៉ងតាំងពីគ្រាដើមមកម្ល៉េះ។
ក៏ប៉ុន្តែដូចអ្វីដែលអតីតភិក្ខុ ប៉ុល សារឿង ធ្លាប់ប្រាប់មកកាន់ តារាញូស៍ ថា «លោកតាវ៉ិចទ័រ នៅតែចង់បានរូបលោកចូលលេងកំប្លែងឲ្យ ctn វិញ» ក៏បានលេចចេញពន្លឺ ប្រៀបបានព្រះច័ន្ទរះនាថ្ងៃ១២កើតពុំទាន់ពេញរស្មី លើគណនីហ្វេសប៊ុកប្រធានសមាគមទទួលការស្រលាញ់ពីអ្នកសិល្បៈលោក ហេង ឡុង បានរំលេចឡើងនូវក្តីអំណរព្រមសាររីករាយថា «ថ្ងៃនេះctnទទួលគាត់សម្ដែងក្នុងកម្មវិធីកំប្លែងវិញ»។ ស្ថិតក្នុងរូបភាពហាក់ស្រពោនបន្តិចព្រោះទើបបានស្រាកពីជំងឺ ម្យ៉ាងក្នុងចិត្តកំពុងគិតពីសុខភាពម្តាយជរាផងនោះ លោក ហេង ឡុង បានបន្តឲ្យដឹងពីវេលាដែលនាយតាក់ស៊ី ត្រូវរង់ចាំបន្ថែមថា «ប៉ុន្តែនាយមិនទាន់ត្រូវទទួលយកចូលធ្វើជាបុគ្គលិកពេញសិទ្ធិវិញទេ»។