ភ្នំពេញ ៖ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក ងី មានហេង បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១៣សីហានេះថា មន្ទីរបានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសតាមស្ថាប័នរដ្ឋ សាលារៀន វត្តអារាម ខណ្ឌ សង្កាត់ ភូមិ និងសហគមន៍ក្រីក្រនានាក្នុងរាជធានីភ្នំពេញ ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ខណៈដែលជំងឺនេះ កំពុងតែវាយលុកយ៉ាងខ្លាំងក្លា និងបានសម្លាប់កុមារជាច្រើននាក់នោះ។
លោកបន្តថា ពាក់ព័ន្ធនឹងការងារនេះ យុទ្ធនាកាជំហានទី១ បានចាប់ផ្តើមកាលពីខែមករា ដល់ខែកក្កដា ឆ្នាំ២០១៩ ដោយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសបានចំនួន១២៦លើក ដោយប្រើប្រាស់ម៉ាស៊ូតអស់ចំនួន៥២៤០លីត្រ និងសាំងអស់ចំនួន១១៧៥លីត្រ និងថ្នាំសម្លាប់មូស៤០៩លីត្រ។ ចំនួនករណីគ្រុនឈាមចាប់ពីសប្ដាហ៍ទី១ រហូតដល់សប្ដាហ៍ទី៣១ នៃឆ្នាំ២០១៩ មានចំនួន៥២២៨នាក់ រយៈពេលដូចគ្នាមានចំនួន៣១៨៣នាក់ នៅក្នុងឆ្នាំ២០១៨។ កុមារស្លាប់មានចំនួន៨នាក់ ក្នុងចំណោម៥២២៨ករណី បើគិតត្រឹមចុងសប្ដាហ៍ទី៣១នេះ។
លោកប្រធានមន្ទីរសុខាភិបាលបានបញ្ជាក់បន្ថែមថា អនុវត្តតាមការណែនាំ និងការយកចិត្តទុកដាក់ពី លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យមន្ទីរ អនុវត្តយុទ្ធនាការជំហានទី២ ដោយចាប់ពីកក្កដា ដល់ខែកញ្ញា ២០១៩នេះ។
លោកបញ្ជាក់ថា ការបាញ់ថ្នាំមូសនេះយើងបាញ់នៅទូទាំងសង្កាត់នៅក្នុងខណ្ឌទាំង១៤ លើកលែងតែខណ្ឌ៥នៅកណ្តាលក្រុង មានសង្កាត់ខ្លះយើងមិនបានបាញ់ទេ។ ការបាញ់ថ្នាំមូសនេះ គឺខាងមន្ទីរអនុវត្តតាមទិន្នន័យដែលយកមកពីមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យគន្ធបុប្ផា។ បើទិន្នន័យបញ្ជាក់ថា នៅក្នុងសង្កាត់ណា ខណ្ឌណា មានអត្រា នៃជំងឺគ្រុនឈាមកើតឡើងច្រើនចំពោះកុមារនៅក្នុងសង្កាត់នោះ មន្ទីរ នឹងធ្វើសកម្មភាពបាញ់ថ្នាំមូសនៅក្នុងសង្កាត់នោះ ឲ្យបានច្រើនជាងគេ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ និងបង្ការឲ្យបាន នូវគ្រុនឈាមដែលបាននិងកំពុងវាយលុកយ៉ាងខ្លាំងក្លានៅក្នុងរាជធានីភ្នំពេញនេះ។ គ្មានជម្រកមូសខ្លា គ្មានមូសខ្លា គ្មានការចំលងជំងឺគ្រុនឈាម។
ក្នុងនាមមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោកងី មានហេង សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅ រាជធានីភ្នំពេញទាំងអស់ចូលរួមលុបបំបាត់ជម្រកមូសខ្លាទាំងអស់គ្នា។ លោកថា ទឹកដក់ថ្លាជាជម្រកមូសខ្លា (ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀង …. ជាជម្រកមូសខ្លា)។
យើងរួមគ្នាលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៍របស់យើង ដើម្បីរួមចំណែកទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។ មូសខ្លាជាភ្នាក់ងារចំលងជំងឺគ្រុនឈាម រីឯមូសអង្កាមមិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ។ ការទុកដាក់សំបកកង់ឡាន ម៉ូតូហាលភ្លៀងនៅក្នុងសហគមន៍ គឺជាការបង្កើតជម្រកមូសខ្លាក្រោយពេលភ្លៀងធ្លាក់។
មូសខ្លាមិនពងដាក់ក្នុងទឹកស្អុយ លូ និងទឹកល្អក់ទេ។ មូសខ្លាពងដាក់ក្នុងទឹកដក់ថ្លា គ្មានក្លិនស្អុយ ទឹកក្នុងថូផ្កា ទឹកក្នុងទម្រជើងទូចាន ទឹកដក់នៅក្នុងចានស្នោ និងកែវជ័រដែលចោលហាលភ្លៀង ទឹកដក់លើថង់ប្លាស្ទិកចោលហាលភ្លៀង ។ល។ ការដាក់អាបែតក្នុងពាងនិងអាងទឹកដើម្បីសម្លាប់ដង្កូវទឹកជាការរួមចំណែកទប់ស្កាត់ការកកើតមូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម៕
សូមទស្សនាវិដេអូខាងក្រោម៖