អតីតឧបនាយករដ្ឋមន្ត្រីថៃ លោក ភិនិត ថារុសម្បត្តិ បានឱ្យដឹងថា នៅក្នុងរយ:ពេល ២ ឬ៣ឆ្នាំខាងមុខទៀត កម្ពុជានឹងបោះជំហ៊ានរីកចម្រើនបន្ថែមទៀត នឹងក្លាយជាមហានគរ មានភាពស៊ីវីល័យនៅតាមកន្លែងកម្សាន្តនានា។
លោក ភិនិត ថារុសម្បត្តិ បានឱ្យដឹងនៅក្នុងជំនួបជាមួយលោក គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញនេះថា នេះដោយសារ គោលនយោបាយកម្ពុជារឹងមាំធ្វើឱ្យប្រទេសកម្ពុជា មានការរីកចម្រើនប្រកបដោយជោគជ័យ ជាពិសេសខេត្តព្រះសីហនុមានឆ្នេរស្អាត និងក្លាយជារមនីយដ្ឋានស្អាត ។
លោកអតីតឧបនាយករដ្ឋមន្ត្រីថៃរូបនេះបន្តថា បច្ចុប្បន្នខេត្តព្រះសីហនុ មានសំណង់អគារខ្ពស់ៗរីកចម្រើននឹកស្មានមិនដល់ នៅពេលខាង មុខមានទេសចរឆ្លងកាត់ស្នាក់នៅ ប្រទេសទាំងបីក្នុងតំបន់មានថៃ-កម្ពុជា- វៀតណាម កាន់តែច្រើនបន្ថែមទៀត។
លោកគួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុបានឱ្យដឹងដែរថា ខេត្តព្រះសីហនុមានកោះ៣២ ផ្លូវជាតិសំខាន់២ គឺផ្លូវជាតិលេខ៤ និងលេខ៣ ខេត្តមានព្រលានយន្តហោះអន្តរជាតិ ហើយថ្មីៗនេះកំពុងជម្រុញពង្រីកបន្ថែម មានផ្លូវដែកតភ្ជាប់ពីខេត្តព្រះសីហនុទៅរាជធានីភ្នំពេញ។
លោកបន្តថា សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានពិភាក្សាតភ្ជាប់ផ្លូវដែករវាងកម្ពុជា-ថៃ និងភ្ជាប់មកខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុមានមុខងារជាខេត្តទេសចរណ៍ ក្នុងរយ:ពេល ២ឆ្នាំចុងក្រោយ មានអ្នកវិនិយោគចិនមកវិនិយោគនៅខេត្តព្រះសីហនុច្រើនជាងគេ បានប្រែក្លាយខេត្តជាតំបន់សេដ្ឋកិច្ចពហុមុខងារ ។
អភិបាលខេត្តរូបនេះបន្តថា បច្ចុប្បន្នសំណង់មានការកើនឡើងបំរើឱ្យការអភិវឌ្ឍ ធ្វើឱ្យមានលំហូរចូលមនុស្សក្នុងស្រុក និងមកពីបរទេស ខេត្តមានការប្រែប្រួលយ៉ាងឆាប់រហ័ស ទន្ទឹមនិងការអភិវឌ្ឍរីកចម្រើន ក៏មានភាពស្មុគស្មាញធ្វើឱ្យមានការខូចខាតផ្លូវ ដោយសារកំណើនយាន យន្តដឹកជញ្ជូនធ្ងន់ បណ្តាលខូចខាតផ្លូវថ្នល់ រួមផ្សំកាលពីថ្ងៃទី៨ សីហាកន្លងមកភ្លៀងធ្លាក់ជាប់គ្នា បណ្តាលធ្វើឱ្យក្រុងរងគ្រោះជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ។
លោកបន្ថែមថា បច្ចុប្បន្នប្រទេសទាំងពីរ កម្ពុជា- ថៃ មានទំនាក់ទំនងស្អិតរមួតក្នុងកិច្ចសហប្រតិបត្តិការល្អ ហើយថ្មីៗនេះ រដ្ឋបាលខេត្តបានបញ្ជូនគណ:ប្រតិភូ ទៅចូលរួមប្រជុំនៅប្រទេសថៃ ដើម្បីទាក់ទាញតភ្ជាប់ទេសចរឆ្លងកាត់ ស្នាក់នៅរវាងកម្ពុជា-ថៃ និងវៀតណាម ។ ប្រទេសថៃ-កម្ពុជាមានចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហការយូអង្វែង ម្យ៉ាងទៀតប្រជាជននៅតាមព្រំដែន នៃប្រទេសទាំងពីរ មានការដោះដូរពាណិជ្ជកម្មពីគ្នាទៅវិញទៅមក៕