ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ប៉ូលិសបានបញ្ជូនក្រុមសង្គមងងឹតចិនប្រមាណជាង ១០០នាក់ ពាក់ព័ន្ធករណីជម្រិតទារប្រាក់តាមប្រព័ន្ធវីអូអាយភី (VOIP) ពីខេត្តព្រះសីហនុ មកដាក់នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ដើម្បីបន្តនីតិវិធី និងបំពេញបែបបទប្រគល់ឲ្យអាជ្ញាធរចិនយកទៅអនុវត្តទោសនៅប្រទេសចិន។
ក្រុមសង្គមងងឹតចិនប្រមាណជាង ១០០នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅខេត្តព្រះសីហនុកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩។ ប្រតិបត្តិការបង្ក្រាបកក្រុមជនជាតិចិននេះ បានធ្វើឡើងនៅពីរទីតាំងផ្សេងគ្នា ដោយទីតាំងទី១. នៅអាគារ៥ជាន់ ស្ថិតក្នុងក្រុម២៦ ភូមិ២ សង្កាត់០៤ ក្រុងព្រះសីហនុ ចាប់ខ្លួនជនសង្ស័យចំនួន១១៧នាក់ ក្នុងនោះស្រី៩នាក់។ ទីតាំងទី២. នៅវីឡាតឿរ៉ូយ៉ាល់ព្រីនសេស អាសយដ្ឋានក្រុម៤ ភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ចាប់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន១៥នាក់ (ស្រី២នាក់)។
ចាប់ខ្លួននេះ គឺដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន លោកឧត្តមសេនីយ៍ឯក សៀង សេន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងការការចូលរួមពីព្រះរាជអាជ្ញាផងដែរ។
ក្រុមជនជាតិចិនទាំង ១២៧នាក់ ដែលឃាត់ខ្លួននៅខេត្តព្រះសីហនុ បានបញ្ជូនមកដាក់នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ។ ដោយលោកបានបញ្ជាក់ថា “នីតិវិធីបន្តបន្ទាប់ពីយើងបំពេញឯកសារគ្រប់គ្រាន់ស្នើសុំថ្នាក់ដឹកនាំដើម្បីធ្វើការបណ្តេញចេញពីប្រទេសកម្ពុជា”៕
ដក់ស្រង់ពីFB កែសម្រួលដោយ NCNDaily