ភ្នំពេញ៖ វៀតណាម បានស្នើឱ្យកម្ពុជាផ្តល់សញ្ជាតិដល់ពលរដ្ឋរបស់ខ្លួន ដែលកំពុងរស់នៅ និងរកស៊ីក្នុង ខេត្ត នៃតំបន់អភិវឌ្ឍន៍ត្រីកោណ តែត្រូវបានកម្ពុជាបដិសេធ។
សំណើរបស់វៀតណាម បានធ្វើឡើងនៅសន្និសីទលើកទី៧ នៃគណៈកម្មការកិច្ចការបរទេសសភាកម្ពុជា ឡាវ និងវៀតណាម ដែលសភាវៀតណាម ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទនេះ។ សន្និសីទនេះ មានគោលដៅជជែកទៅលើការអភិវឌ្ឍតំបន់ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម ដែលកម្ពុជា មានខេត្ត ចំនួន៤ រួមមាន ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី។
ឯកឧត្តម ឈាង វុន តំណាងសភាកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូ ទៅចូលរួមសន្និសីទខាងលើនេះ បានប្រាប់ក្រុមអ្នកព័ត៌មានក្នុងដំណើរនិវត្តន៍មកប្រទេសកម្ពុជាវិញ នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ថា ក្នុងសន្និសីទមានបញ្ហាជាច្រើនត្រូវបានលើកមកជជែក ហើយមានបញ្ហាតានតឹងផងដែរ។
បើតាមឯកឧត្តម ឈាង វុន ក្នុងចំណោមបញ្ហាជាច្រើននោះ ភាគីវៀតណាម បានលើកឡើងពីបញ្ហា ដែលកម្ពុជាមិនព្រមផ្តល់សញ្ជាតិឱ្យពលរដ្ឋរបស់ខ្លួនកំពុងរស់នៅក្នុងខេត្តស្ទឹងត្រែង។
«ភាគីវៀតណាមលោកបានស្នើឲ្យយើងពីរឿងប្រជាពលរដ្ឋវៀតណាម ដែលមករស់នៅ តំបន់យូរ ហើយ ម៉េចយើងមិនផ្តល់សញ្ជាតិឱ្យអ៊ីចឹង? ខ្ញុំ និងគណៈប្រតិភូយើងបានឆ្លើយតបច្បាស់លាស់ ពីរឿងនេះថា យើង មានច្បាប់ទម្លាប់របស់យើង ហើយច្បាប់ជាច្រើន ក្នុងហ្នឹងរួមទាំងច្បាប់សញ្ជាតិហ្នឹងផង ច្បាប់អន្តោ ប្រវេសន៍ ផង។ យើងមិនអាចឱ្យគាត់ ឱ្យគ្រប់សញ្ជាតិអូតូម៉ាទិច ស្វ័យប្រវត្តិចំពោះ បងប្អូនវៀត ណាមរបស់ គាត់ ដែលមករស់នៅខុសច្បាប់នៅ ក្នុងដែនដីកម្ពុជាកន្លងទៅយើងមិនអាចឱ្យកើតទេ»។ ឯកឧត្តម ឈាង វុន បានគូសបញ្ជាក់។
បើតាមឯកឧត្តម ឈាង វុន នៅក្នុងសន្និសីទស្តីពីបញ្ហាអភិវឌ្ឍន៍នៅតំបន់ត្រីកោណនេះ លោកបានបញ្ជាក់ ទៅតំណាងសភាវៀតណាម និងឡាវដែរថា រឿងទឹកដីនេះ ក៏ដូចជារឿងសញ្ជាតិគឺជាចំណុច រសើបខ្លាំង ណាស់ ក្តៅខ្លាំងណាស់ ភាគីណាមួយហ៊ានលះបង់អាហ្នឹងសត្រូវនយោបាយគេនឹងចោទប្រកាន់ថា ក្បត់ ជាតិជាមិនខាន។
ឯកឧត្តមបានបញ្ជាក់ទៀតថា សម្តេចតេជោ ហ៊ុន សែន មានជំហរមួយច្បាស់លាស់ណាស់ក្នុងរឿងទឹកដី និងសញ្ជាតិនេះ គឺការពារដាច់ខាតមិនឱ្យរបេះទឹកដីទៅគេទ ហើយសញ្ជាតិមិនមែនចេះ តែឱ្យគេបំពាន យកសញ្ជាតិកម្ពុជាបានស្រេចនឹងចិត្តនោះដែរ៕