ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ នៃអគ្គស្នង ការដ្ឋាននគរបាលជាតិ បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងថា គិតត្រឹមម៉ោងជិត៩យប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចកំពុងតែបន្ដប្រតិបត្តិការ បាញ់ពន្លត់អគ្គិភ័យដែល ឆេះអគាររោង ចក្រ ផលិតពូក នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកប្រធាននាយកដ្ឋានរូបនេះ បានបញ្ជាក់ទៀតថា អគ្គិភ័យនេះឆេះអគារចំនួន៣ និងរោងសិប្បកម្ម មួយកន្លែង ដោយហើយរហូតមកដល់ម៉ោងជាង៨យប់នេះ អគារទីមួយបានរលំទាំងស្រុង, អគារទីពីរសមត្ថ កិច្ចអាចគ្រប់គ្រងបាន, អគារទីបីកំពុងស្ថិតក្រោមការបាញ់ពន្លត់ ពីក្រុម711 របស់កងពលតូចលេខ៧០។
លោកឧត្តមសេនីយ៍ទោ នេត វន្ថា បានសង្កត់ធ្ងន់ថា កម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័នទាំងអស់ ដែលកំពុង ស្ថិតនៅកន្លែងកើតហេតុ បានរួមដៃគ្នាយ៉ាងស្អិតរមួត ដើម្បីអន្ដរាគមន៍សង្គ្រោះ គ្រោះថ្នាក់មួយនេះ ដែលអាចចាត់ទុកថា ជាករណីមួយដែលស្ទើរតែមិនធ្លាប់មាននៅក្នុងរាជធានីភ្នំពេញ។
បើតាមលោក នេត វន្ថា បានអះអាងទៀតថា រហូតមកដល់ពេលនេះ សមត្ថកិច្ចបានប្រើប្រាស់ឡានទឹក អស់ប្រមាណ៥០គ្រឿង ខណៈមូលហេតុមិនទាន់អាចកំណត់បាននៅឡើយទេ ជាមួយនឹងទំហំ នៃការ ខូចខាត។
គួរជម្រាបថា គ្រោះអគ្គិភ័យឆេះអគាររោងចក្រផលិតពូកនេះ បានកើតឡើងតាំងពីម៉ោងជាង១ថ្ងៃត្រង់ម្ល៉េះ ហើយមកដល់ពេលនេះ មានរយៈពេលជាង៨ម៉ោងហើយ ដែលកម្លាំងសមត្ថកិច្ចកំពុងតែត ទល់គ្នាជាមួយ ភ្លើងដែលឆេះយ៉ាងសន្ធៅសន្ធៅ ស្ថិតក្នុង សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្ដិ ការជួយសង្គ្រោះនេះ គេសង្កេតឃើញវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះដឹក នាំ បញ្ជា អន្ដរាគមន៍ផ្ទាល់ នៅកន្លែងកើតហេតុ ជាមួយកម្លាំងអាជ្ញាធរ និងសមត្ថ កិច្ចជា ច្រើនរូប ទៀតផង ដែរ។
បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន អគ្គិភ័យបាននិងកំពុងឆាបឆេះត្រឹមតែទី តាំងដដែល មិនរាលដាល ដល់ផ្ទះប្រជាពលរដ្ឋជិតខាងនោះទេ។ ទោះបីជាយ៉ាងនេះក្តី សមត្ថកិច្ចក៏បានជម្លៀស ប្រជាពលរដ្ឋ នៅតំបន់នោះចេញពីកន្លែងកើតហេតុជាបណ្តោះអាសន្នសិន៕