ភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងថា នាព្រឹកថ្ងៃទី២៤ សីហា នេះ គឺភ្លើងនៅតែបន្តឆាបឆេះខាងក្នុងអគារ ដោយមិនទាន់រលត់ទាំងស្រុងនៅឡើយ ក្នុងនោះ ខាងកម្លាំងរថយន្តពន្លត់អគ្គិភ័យបានបន្តចុះទៅបាញ់បន្តបន្ទាប់ទៀតនៅអគារដែលដែលកំពុងឆេះ គឺជាទីតាំងផលិតពូក-ខ្នើយមួយកន្លែង ស្ថិតក្នុងភូមិចម្រើនផលផល ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ។
នាព្រឹកថ្ងៃនេះដែរ ក៏បានឃើញវត្តមានលោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មារធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមទាំងកម្លាំងពាក់ព័ន្ធ ចុះទៅដល់ពិនិត្យទីតាំងកើតហេតុ ដែលករណីឆេះនេះ គឺពិតជាកម្រកើតមាន សម្រាប់នៅរាជធានីភ្នំពេញ ។
ទោះបីជាយ៉ាងណា អាជ្ញាធរបានព្យាយាមអស់ពីសមត្ថភាពក្នុងការអន្តរាគមន៍ចុះទៅ ដើម្បីការពារសុវត្ថិភាពរបស់ពលរដ្ឋ ពិសេសគឺកុំឱ្យភ្លើងឆេះរាលដាលបន្តទៅផ្ទះអ្នកដទៃផ្សេងទៀត ។ វត្តមានរបស់លោកទេសរដ្ឋមន្ត្រី គឺកំពុងដឹកនាំមន្ត្រីពិនិត្យមើលទីតាំង និងរកវិធីសាស្ត្រក្នុងការទម្លាយជញ្ជាំងរោងចក្រ ដើម្បីទាញទុយោចូលទៅពន្លត់ភ្លើង តែមិនទាន់រលត់ឱ្យរលត់បាន១០០ភាគរយនោះ។
គួរបញ្ជាក់ថា គិតមកត្រឹមវេលាម៉ោង៨ព្រឹកថ្ងៃទី២៤ សីហា នេះ ភ្លើងដែលឆាបឆេះរោងចក្រផលិតពូកដ៏ធំមួយកន្លែង នៅក្នុងភូមិចំរើនផល១ គឺមិនទាន់រលត់អស់១០០ភាគរយនៅឡើយនោះទេ ក្រោយការឆាបឆេះអស់ជិត២០ម៉ោង ពោលគឺតាំងពីវេលាម៉ោង១រសៀលថ្ងៃទី២៣ រហូតដល់ព្រឹកនេះ ដោយសារនៅមានផ្សែងហុយគួរសមចេញពីខាងក្នុង ។
នៅជុំវិញទីតាំងឆេះនេះ គឺមានការត្រៀមរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង សម្រាប់ការចាំបាញ់ពន្លត់ និងត្រៀមអន្តរាគមន៍បន្ទាន់ ប្រសិនបើមានការឆាបឆេះរីករាលដាលដល់លំនៅឋានពលរដ្ឋដទៃ ។ ទន្ទឹមនឹងនេាះ ការចរាចរណ៍ធ្វើដំណើរនៅជុំវិញ គឺត្រូវបានបិទទាំងស្រុង ដោយមានការយាមកាមពីកម្លាំងចម្រុះ ៕