ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាសកលដែលពិភពលោកទំាងមូលកំពុងជួបប្រទះហើយវាជាបញ្ហាដែលតម្រូវឱ្យយើងធ្វើការរួមគ្នាដោះស្រាយជាចំាបាច់ដើម្បីកាត់បន្ថយពីផលប៉ះពាលដែលកើតចេញពីការប្រែប្រួលអាកាសធាតុ»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មេរៀន និងផ្ទាំងរូបភាពអប់រំស្តីពីការប្រែប្រួលអាកាសធាតុ»ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០១៩ នេះនៅរាជធានីភ្នំពេញដោយ មានការចូលរួមពីតំណាងក្រសួងអប់រំ យុវជននិងកីឡាព្រមទាំងលោកគ្រូអ្នកគ្រូជានាយកសាលាមកពីសាលានានាក្នុងប្រទេសកម្ពុជា។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាពិសេសតាមរយៈក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្រ្តជាច្រើនលើវិស័យបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រែប្រួលអាកាសធាតុ ដោយបានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា ដៃគូអភិវឌ្ឍន៍នានា ក្នុងការជំរុញប្រតិបត្តិបរិស្ថានល្អ ជាពិសេសធនាគារអភិវឌ្ឍន៍អាស៊ីដែលផ្តល់ការគាំទ្រតាមរយៈគម្រោងការបញ្ជ្រាបភាពធន់នឹងការប្រែប្រួល អាកាសធាតុ ដោយបានចូលរួមចំណែកអនុវត្តនូវផែនការយុទ្ធសាស្ត្រកន្លងមកជាពិសេសការរៀបចំនូវមេរៀន និងបទពិសោធន៏នានាក្នុងការអប់រំ ផ្សព្វផ្សាយ សំដៅរួមចំណែកដល់ការថែររក្សាអភិរក្សនូវធនធានជីវចម្រុះក៏ដូចជាការបង្ការនិងកាត់បន្ថយនូវរាល់ហានិភ័យនានាដែលកើតឡើងដោយគ្រោះធម្មជាតិ។
ឯកឧត្តម នេត្រ ភក្ត្រា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថានដែលបានសហការយ៉ាងល្អជាមួយនាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ក្រោមការជួយគាំទ្រពីគម្រោងការបញ្ជ្រាបភាពធន់នឹងអាកាសធាតុទៅក្នុងការរៀបចំផែនការអភិវឌ្ឍន៍ ដែលអនុវត្តដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពក្នុងការរៀបចំចងក្រងឱ្យមានឯកសារមេរៀននេះឡើង ដើម្បីចែករំលែកចំណេះដឹងអំពីការប្រែប្រួលអាកាសធាតុ និងការបន្សុំាក្នុងការចូលរួមចំណែកប្រែក្លាយជីវភាពរស់នៅ សហគមន៍ និងសង្គមកម្ពុជាឱ្យមានភាពធន់នឹងអាកាសធាតុ ដែលមានបរិស្ថាន ស្អាត និងបៃតង។
ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ការអប់រំអំពីការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ត្រូវការការចូលរួមពីយើងទាំងអស់គ្នា ទាំងការអប់រំក្នុងប្រព័ន្ធដែលផ្តោតទៅលើគ្រឹះស្ថានសិក្សាទាំងអស់ និងការអប់រំក្រៅប្រព័ន្ធដែលផ្តោតទៅលើមហាជនទូទៅ។ បន្ថែមលើសមិទ្ធផលនេះ គម្រោងវិនិយោគក្រោមកម្មវិធីយុទ្ធសាស្ត្រសម្រាប់ភាពធន់នឹងអាកាសធាតុបាននិង កំពុងអនុវត្តសកម្មភាពនានាឆ្លើយតបនឹងផែនការអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍សហសវត្សរ៍កម្ពុជា ដែលជាសុ ឆន្ទៈនយោបាយយើងទាំងអស់គ្នាកំពុងរួមគ្នាអនុវត្តសម្រេចបំពេញនូវសេចក្តីត្រូវការ ក្នុងក្របខណ្ឌជាប្រទេសសមាជិកអាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គដែលតភ្ជាប់ផ្លូវថ្នល់និងការអភិរក្សជីវចម្រុះក្នុងតំបន់ និងអនុសញ្ញាសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងអនុសញ្ញានានាដែលពាក់ព័ន្ធ និងជាការឆ្លើយតបនឹងសកម្មភាពការងារក្នុងក្របខណ្ឌរបស់មូលនិធិវិនិយោគអាកាសធាតុផងដែរ ។
ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា ក្នុងចំណោមយុទ្ធសាស្រ្តសកម្មទាំងឡាយដែលមាប្រសិទ្ធភាព ការអប់រំបរិស្ថានគឺជាចំណុចចាប់ផ្តើម និងជាយុទ្ធសាស្រ្តគន្លឹះក្នុការឆ្លើតបទៅនឹងការប្រែប្រួលអាកាសធាតុ ការបន្សាំ និងការកាត់បន្ថយការប្រែប្រួល អាកាសធាតុនេះឱ្យមានប្រសិទ្ធិភាពខ្ពស់។ ហេតុដូចនេះទើបក្រសួងបរិស្ថានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានផលិតសៀវភៅនេះឡើងទុកជាប្រយោជន៍ដល់សង្គមជាតិ ជាពិសេសវិស័យសិក្សារបស់យើង តាមរយៈការពង្រឹងសមត្ថភាព លោកគ្រូ អ្នកគ្រូ និងការផ្ទេរចំណេះដឹងដល់សិស្សានុសិស្សជំនាន់ក្រោយដោយប្រើប្រាស់សៀវភៅ និងផ្ទាំងរូបភាពនេះតាមសាលារៀនរដ្ឋទូទាំងប្រទេស។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើឱ្យបញ្ចូលការអប់រំអំពីការអំពីការប្រែប្រួលអាកាសធាតុ និងប្រតិបត្តិមេត្រីភាពបរិស្ថានទៅតាមកម្មវិធីបណ្តុះបណ្តាលតាមសាលាឯកជនផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវដល់លោកនាយក លោកគ្រូ អ្នកគ្រូមកពីសាលានានាខិតខំបន្តជួយចែករំលែកចំណេះដឹងទាំងនេះដល់សិស្សានុសិស្ស និងសហគមន៍ និងអនុវត្តសាលាមេត្រីបរិស្ថាន។ ខ្ញុំមានជំនឿជឿជាក់ថាក្រោមការដឹកនាំរបស់លោកនាយក និងលោកគ្រូអ្នកគ្រូសាលារបស់លោកគ្រូ អ្នកគ្រូនឹងមានភាពស្រស់បំព្រង មានបរិស្ថាន សិក្សាល្អ ស្អាតអនាម័យ និងមានមេត្រីភាព។ ទន្ទឹមនឹងនេះ ខ្ញុំជឿជាក់ថាសៀវភៅមេរៀន និងផ្ទាំងរូបភាពស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់ថ្នាក់ មធ្យមសិក្សាបឋមភូមិនឹងដើរតួនាទីសំខាន់ជាឯកសារយោងសម្រាប់ប្រើប្រាស់សិក្សាស្រាវជ្រាវអំពីការប្រែប្រួលអាកាសធាតុ វិធានការបន្សំ និងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុតាមរយៈបុគ្គល និង សហគមន៍។
លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថាបញ្ជាក់ពីគោលបំណងសំខាន់នៃការរៀបចំចងក្រងសៀវភៅនេះឡើង គឺដើម្បីរួមចំណែកបន្សុំាជីវភាពរស់នៅប្រចាំថ្ងៃទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីកិច្ចគាំពារបរិស្ថាន ចូលរួមថែរក្សាបរិស្ថានស្អាត គ្មានសំរាម គ្មានការបំពុល គ្មានសំណល់ប្លាស្ទិក និងបន្តពង្រឹង និងពង្រីកចំណេះដឹងដល់លោកគ្រូ អ្នកគ្រូ ពិសេសសិស្សានុសិស្សដែលនឹងក្លាយជាអ្នកដឹកនាំនាពេលអនាគតឱ្យយល់ដឹងអំពីភាពចាំបាច់ និង អត្ថប្រយោជន៍បរិស្ថាន តុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះនិង ការរស់នៅដោយចីរភាព។ លោកជំទាវបានគូសបញ្ជាក់ថា កិច្ចការទាំងអស់នេះទាមទារឱ្យមានការសហការគ្នា សាមគ្គីគ្នាឈរលើគោលការណ៍រួមតែមួយ ទស្សនវិស័យតែមួយ គឺបណ្តុះមនសិការស្រឡាញ់ និងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីបរិស្ថានស្អាត ការរស់នៅស្អាត ការអប់រំល្អ ការចូលរួមល្អ និងឈានដល់ការដឹកនាំល្អ សំដៅផ្លាស់ប្តូរផ្នត់គំនិត និងប្រែក្លាយឥរិយាបថប្រជាពលរដ្ឋ ឱ្យមានទម្លាប់ល្អចំពោះបរិស្ថាន តាមរយៈការរស់នៅស្អាត ការស្រឡាញ់ ការថែរក្សា និងការការពារធនធានធម្មជាតិ និងការចូលរួម ដូច្នេះការប្រែប្រួលអាកាសធាតុនឹងត្រូវបានកាត់បន្ថយ៕
ដោយ : NCNDaily