ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីពិនិត្យការងាររយៈពេល១២ខែ ក្នុងការរកចំណុចកែលម្អ និងជំរុញប្រសិទ្ធភាពការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
កិច្ចប្រជុំនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់នូវទស្សនវិស័យ ក៏ដូចជាចក្ខុវិស័យមួយចំនួនសម្រាប់ការអនុវត្តន៍ការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ហើយកិច្ចប្រជុំ ក៏បានផ្តល់ឱកាសឱ្យសមាជិកទាំងអស់ចូលរួមជាយោបល់ស្ថាបនា និងសំណូមពរផងដែរ។
ក្នុងរយៈពេល១២ខែកន្លងទៅនេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបំពេញការងាររបស់ខ្លួន និងបានធ្វើរបាយការណ៍ជូនសម្ដេចតេជោផងដែរ ហើយរយៈពេលកន្លងមកនេះ គឺសមាជិកបានបំពេញបេសកកម្មប្រមូលទិន្នន័យដល់មូលដ្ឋានផ្ទាល់គឺមានចំនួន២៩៥លើក ហើយបានដាក់ជូនសម្តេចតេជោចំនួន២៥១លើក ហើយការចុះទៅនោះ គឺដោយខ្លួនឯង គ្មាននរណាបង្គាប់បញ្ជានោះទេ ហើយរបាយការណ៍នោះ ក៏អត់យកទៅដាក់ទៅស្ថាប័នណាដែរ គឺជារបាយការណ៍ដែលត្រូវដាក់ជូនតែសម្ដេចតេជោនាយករដ្ឋមន្ត្រីតែប៉ុណ្ណោះ។
មកដល់ពេលនេះ សំណុំរឿងភាគច្រើនដែលសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ទទួលបានគឺទាក់ទងទៅនឹងបញ្ហាទំនាស់ដីធ្លី បញ្ហារំលោភយកដីរដ្ឋជាពិសេសរំលោភយកដីគម្របព្រៃឈើ បញ្ហាបទល្មើសព្រៃឈើ បញ្ហាបទល្មើសជលផល បញ្ហាបរិស្ថានផ្សេងទៀត ដូចជាការរំលោភការចាក់លុបឆ្នេរ បឹង ព្រែក បញ្ហាគ្រឿងញៀន អំពើពុករលួយ រួមទាំងបញ្ហាផ្សេងៗទៀត។ ហើយបញ្ហាទាំងអស់នេះ ត្រូវបានសម្ដេចតេជោទទួលយក ហើយនឹងចេញ ស.ជ.ណ ដើម្បីដោះស្រាយតាមរយៈប្រជុំជាមួយក្រសួងដែលពាក់ព័ន្ធក្នុងការចាត់វិធានការ និងរកដំណោះស្រាយ។
កិច្ចប្រជុំនេះ ជារួមគឺសម្ដេចតេជោនាយករដ្ឋមន្ត្រីបានឆ្លើយតបទៅតាមសំណើរ និងសំណូមពរនូវអ្វីដែលជាផលប្រយោជន៍របស់ជាតិ និងប្រជាជន ដែលសម្តេចគិតថា ជាធាតុចូលមួយក្នុងការរួមចំណែក និងជាពហុគំនិតដល់ការកំណែទម្រង់របស់រាជរដ្ឋាភិបាល។
សម្តេចតេជោ នាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ក្នុងកិច្ចប្រជុំនេះផងដែរថា ចាប់ពីពេលនេះតទៅគឺត្រូវអនុវត្តនូវអភិក្រមទី៥ គឺវះកាត់ ដូច្នេះមន្ត្រីណាដែលប្រព្រឹត្តនូវទង្វើទាក់ទងទៅនឹងបញ្ហាដែលបានលើកឡើងខាងលើនេះ គឺមិនត្រឹមតែដាក់ទោសប៉ុណ្ណោះនោះទេ ថែមទាំងដកតំណែង និងការរឹបអូស ឬបង្កកទ្រព្យសម្បត្តិផងដែរ ដូចជាករណីការរំលោភដីធ្លី និងបញ្ហាបទល្មើសព្រៃឈើជាដើម។
នៅក្នុងកិច្ចប្រជុំនេះផងដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងយោបល់ ដែលបានចូលរួមចំណែកក្នុងការប្រមូលធាតុចូល ក៏ដូចជាការស្រាវជ្រាវរកបញ្ហាដែលបានកើតឡើងនៅតាមមូលដ្ឋាននានា ក្នុងការដាក់ជូនដល់រដ្ឋាភិបាលដើម្បីធ្វើសេចក្តីសម្រេចចិត្តនិងរកវិធីដោះស្រាយ ដែលសម្តេចគិតថា យន្តការនេះ គឺជាការជួយរាជរដ្ឋាភិបាល និងជាការជួយឲ្យទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលរំកិលទៅកៀកគ្នាដើម្បីធានាបាននូវប្រព័ន្ធរដ្ឋបាលសាធារណៈឲ្យមានភាពល្អប្រសើរ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល៕
ដកស្រង់ពី៖ ផេកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
កែសម្រួលដោយ៖ NCN Daily