នៅព្រឹកថ្ងៃសុក្រ ១កើតខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
សំរាប់របៀបវារៈនៃកិច្ចប្រជុំក្នុងសប្តាហ៍នេះមានដូចខាងក្រោម៖
១)សេចក្តីព្រាងច្បាប់ស្តីពីសំណង់។ ២)សេចក្តីព្រាងឯកសារកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល២០២០-២០២២។ ៣)សេចក្តីព្រាងរបាយការណ៍ស្វ័យវាយតម្លៃស្តីពីការត្រួតពិនិត្យឡើងវិញនៃការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (អ៊ុនកាក់, UNCAC) ជុំទី២នៅកម្ពុជា។ ៤)បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
៤.១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
៤.២- ពិធីសារទី២ ស្តីពីការកំណត់ច្រកទ្វាព្រំដែនឆ្លងកាត់នៃកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីកិច្ចសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ទំនិញ៕