នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខាងមុខនេះ ប្រជាពលរដ្ឋនឹងធ្វើដំណើរ ទៅកាន់ស្រុកកំណើត ជួបជុំក្រុមគ្រួសារ ជិះរថយន្តក្រុង(City Bus) និងកាណូតសាធារណៈ(Taxi Boat) ដោយមិន បង់ប្រាក់ រយៈពេលប្រាំថ្ងៃ។
កន្លងមក សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យបងប្អូនកម្មករ-កម្មការិនី ប្រើប្រាស់សេវារថយន្តក្រុង (City Bus) និងកាណូតសាធារណៈ (Taxi Boat) ដោយមិនគិតកម្រៃសេវា រយៈពេល ០២ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ហើយនឹងត្រូវផុតកំណត់នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩។
ប៉ុន្តែដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាជួយសម្រួលដល់ការចំណាយក្នុងការធ្វើដំណើររបស់ បងប្អូនកម្មករ-កម្មការិនីនោះ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី បានអនុញ្ញាតជាគោលការណ៍ឱ្យ រដ្ឋបាលរាជធានីភ្នំពេញបន្តមិនយកកម្រៃសេវា ចំពោះបងប្អូនកម្មករ-កម្មការិនីទាំងអស់ដែលធ្វើដំណើរតាម រថយន្តក្រុង និងកាណូតសាធារណៈ របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ រយៈពេល០២ឆ្នាំ បន្តទៀត ដោយគិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ដោយគ្រាន់តែបង្ហាញកាតធ្វើការងារទៅភ្នាក់ងារបម្រើសេវារបស់រដ្ឋាករ នឹងទទួលបាន សេវានេះភ្លាម។
អាស្រ័យហេតុនេះ សូមបងប្អូនកម្មករ-កម្មការិនីទាំងមេត្តាជ្រាប និងចូលរួមធ្វើដំណើរតាមរថយន្តក្រុង និងកាណូតសាធារណៈ របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ប្រកបដោយសុវត្ថិភាព និងផាសុកភាព៕