ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា នេះ ក្រៅពីបង្ហាញពីស្ថានទឹកទន្លេមេគង្គ-ស្ទឹងត្រែងដែលឡើងដល់១១.៥៩ម៉ែត្រ លើសពីកម្រិតប្រុងប្រយ័ត្ន (១០.៧០ម៉ែត្រ) ក្រសួងក្រសួងធនធានទឹក និងឧតុនិយម បានផ្តល់ព័ត៌មានទាក់ទងនឹងស្ថានភាពទឹក និងអាកាសធាតុនៅខេត្តត្បូងឃ្មុំ ឧត្តរមានជ័យ និង ខេត្តក្រចេះ។
ក្រសួងធនធានទឹក បានបញ្ជាក់ឲ្យដឹងផងដែរថា ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ-កំពង់ចាម ១៤,១០ម៉ែត្រ បណ្តាលឲ្យជន់លិចផ្លូវបេតុងប្រវែងប្រមាណជា៦០០ម៉ែត្រ ជម្រៅ ពី០,២ម៉ែត្រ ទៅ០,៣ម៉ែត្រ មានទីតាំងនៅភូមិព្រែកតូច ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ គេអាចធ្វើចរាចរណ៍បានជាបណ្តោះអាសន្នរថយន្តតូច និងម៉ូតូ ជាផ្លូវឆ្លងកាត់ពីស្រុកត្បូងឃ្មុំ ទៅស្រុកក្រូចឆ្មារ។
នៅខេត្តឧត្តរមានជ័យឯណោះ អាងទឹក០៥ ស្ថិតនៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ទឹកមានកម្ពស់ ១,៩០ម៉ែត្រ ស្រកចុះ ០,៣០ម៉ែត្រ និងអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ទឹកមានកម្ពស់ ៣,៨៦ម៉ែត្រ កើនឡើង ០,៣៦ម៉ែត្រ កម្ពស់ប្រកាសអាសន្ន ៤,១០ម៉ែត្រ។ មកដល់ពេលនេះ ស្ថានភាពទឹកពុំបង្កឲ្យមានផលប៉ះពាល់នៅឡើយទេ។
រីឯទឹកទន្លេនៅខេត្តក្រចេះ ក៏បានហក់ឡើងដល់កម្ពស់២១.៦៧ម៉េត្រ ដែលជិតនឹងដល់ពេលកម្រិតប្រុងប្រយ័ត្ន គឺ២២ម៉ែត្រទៅហើយ។ ការហក់ឡើងនេះ បានធ្វើឲ្យស្រុតដី និងបាក់ច្រាំង ចំនួន២កន្លែងផ្សេងគ្នា។ កន្លែងទី១ ស្ថិតនៅ ឃុំពង្ររ ស្រុកឆ្លូង បណ្តាលឲ្យបាក់ថ្នល់លំប្រវែង៥០ម៉ែត្រ និងកន្លែងទី២ ស្ថិតនៅឃុំឆ្លូង ស្រុកឆ្លូងដដែល បណ្តាលឲ្យស្រុតផ្លូវលំប្រវែង២០០ម៉ែត្រ។
នាព្រឹកថ្ងៃដដែលនេះ បើតាមក្រសួងធនធានទឹក ក្រុងបានលុង ខេត្តរតនគិរី ក៏មានភ្លៀងធ្លាក់កម្រិតផ្សែងក្រូចផងដែរ៕
ប្រភព៖ ថ្មី ថ្មី កែរសម្រួលដោយ៖ NCN Daily