Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ឯកឧត្តមអ៊ាង សុផល្លែតចូលរួមកិច្ចប្រជុំកំពូលផ្តោតលើប្រធានបទមនុស្សជាតិ និងភពផែនដី នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

ព័ត៌មាន

ឯកឧត្តមអ៊ាង សុផល្លែតចូលរួមកិច្ចប្រជុំកំពូលផ្តោតលើប្រធានបទមនុស្សជាតិ និងភពផែនដី នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

By NCN Daily

September 25, 2019

នៅក្នុងសម័យប្រជុំលើកទី៧៤ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលបានប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក កិច្ចប្រជុំកំពូលចំនួន២ និងកិច្ចប្រជុំជាន់ខ្ពស់ចំនួន៣ (២៣-២៧ កញ្ញា ២០១៩) ត្រូវបានរៀបចំឡើងដោយបានផ្តោតលើប្រធានបទមនុស្សជាតិ និងភពផែនដី។ កិច្ចប្រជុំទាំង៥ រួមមានកិច្ចប្រជុំកំពូលស្តីពីសកម្មភាពអាកាសធាតុ កិច្ចប្រជុំជាន់ខ្ពស់ស្តីពីការធានារ៉ាប់រងសុខភាពជាសកល កិច្ចប្រជុំកំពូលស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព កិច្ចប្រជុំជាន់ខ្ពស់ស្តីពីហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ និងកិច្ចប្រជុំជាន់ខ្ពស់ស្តីពីមាគ៌ាពន្លឿនគំរូសកម្មភាពរបស់ប្រទេសដែនកោះតូចៗដែលកំពុងអភិវឌ្ឍ។

ដោយទទួលបានការអនុញ្ញាតដ៍ខ្ពស់ខ្ពស់ជាតំណាង សម្តេចតេជោនាយករដ្ឋមន្ត្រី និងក្នុងនាម ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជា រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមអ៊ាង សុផល្លែត បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីសកម្មភាពអាកាសធាតុ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ និងកិច្ចប្រជុំពាក់ព័ន្ធនានា ជាបន្តបន្ទាប់។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ និងអញ្ជើញចូលរួមដោយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នាយករដ្ឋមន្ត្រី នៃបណ្តាប្រទេសជាសមាជិក រួមជាមួយផ្នែកឯកជន និងសង្គមស៊ីវិលផងដែរ។ ថ្លែងក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ថា មិនមានការចចារស្តីពីការប្រែប្រួលអាកាសធាតុទេនៅក្នុងកិច្ចប្រជុំនេះ ប៉ុន្តែនេះជាពេលវេលាដែលត្រូវដាក់ចេញជាបន្ទាន់នូវផែនការច្បាស់លាស់ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដើម្បីគាំពារមនុស្សជាតិ និងភពផែនដីរបស់យើង។

ក្នុងកិច្ចប្រជុំកំពូលស្តីពីសកម្មភាពអាកាសធាតុ ប្រទេសនីមួយៗបានដាក់ជូនអង្គប្រជុំនូវផែនការសកម្មភាព ការប្តេជ្ញាចិត្ត និងដំណោះស្រាយសម្រាប់បញ្ហានីមួយៗ។ កម្ពុជាបានបញ្ជាក់ថា ទោះបីជាប្រវត្តិនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់មានកម្រិតតិចតួច ក៏រាជរដ្ឋាភិបាលកម្ពុជាបានបោះជំហានទៅមុខក្នុងចាត់វិធានការជាក់លាក់រួចជាស្រេច ដើម្បីលើកកម្ពស់ការអភិវឌ្ឍជាតិក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការបញ្ចេញកាបូនតិច។ ផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា រយៈពេល១០ឆ្នាំ (២០១៤-២០២៣) ត្រូវបានដាក់ឱ្យដំណើរការដោយមានផែនការសកម្មភាពជាក់លាក់របស់វិស័យអាទិភាព នៃក្រសួង/ស្ថាប័នចំនួន១៤។ ក្នុងនាមជាភាគី UNFCCC ជាមួយផែនការច្បាស់លាស់ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ កម្ពុជាបានត្រួសត្រាយផ្លូវឆ្ពោះទៅរកការអភិវឌ្ឍការបញ្ចេញកាបូនតិច ដោយផ្សារភ្ជាប់ទៅនឹងគោលការណ៍ “ការទទួលខុសត្រូវរួម ប៉ុន្តែក្នុងកម្រិតផ្សេងគ្នា និងទៅតាមសមត្ថភាពរៀងៗខ្លួន”។

ជាមួយនេះដែរ កម្ពុជាក៏បានបង្ហាញនូវគំនិតផ្តួចផ្តើមជាគន្លឹះមួយចំនួនដែលស្របទៅនឹងការប្តេជ្ញាចិត្តចំពោះការអនុវត្ត NDC ដែលគំនិតផ្តួចផ្តើមទាំងនោះនឹងត្រូវយកមកអនុវត្តក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ ក្រោមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (NSDP) ថ្មី និងស្របទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ដែលត្រូវបានអនុម័តកាលពីឆ្នាំ២០១៨។

ការប្តេជ្ញាចិត្តរបស់កម្ពុជា គឺបានបង្ហាញពីភាពដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងនាមជាប្រទេសដែលមានការអភិវឌ្ឍតិចតួច កម្ពុជាអាចសម្រេចបានទៅតាមទិសដៅ NDC របស់ខ្លួន ដោយមានការផ្តល់ហិរញ្ញវត្ថុអាកាសធាតុអន្តរជាតិគ្រប់គ្រាន់ និងការផ្ទេរបច្ចេកវិទ្យា។ កម្ពុជាបានដាក់ឱ្យដំណើរការនូវយន្តការសម្របសម្រួល ដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ។ យើងមានការប្តេជ្ញាចិត្តចំពោះប្រតិបត្តិការជាទៀងទាត់ និងការលើកកម្ពស់យន្តការទាំងនេះ ក្នុងគោលបំណងបំពេញទៅតាមតម្រូវការហិរញ្ញប្បទានសម្រាប់ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។