បន្ទាយមានជ័យ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មបន្ទាប់ពីត្រូវជនដៃដល់ កាប់ស្ទើរតែដាច់កចេញពីក្បាលព្រោះតែគំនុំ។
ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង៦៖៣០នាទីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ ២០១៩ នៅចំណុចភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ជនដៃដល់(ក) ឈ្មោះ ភាព សុភ័ក្រ ភេទប្រុស អាយុ២៦ឆ្នាំ ជាពលរដ្ឋរស់នៅចំណុច កើតហេតុខាងលើ។ ចំណែកឯជនរងគ្រោះឈ្មោះ កែវ ពេជ្ររស្មី ឋានៈជាព្រិន្ទបាលឯក មុខងារមេបញ្ជាការរងខ២នៃកងល្បាតទី២ កងការពារព្រំដែន៥០៣។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ បានរៀបរាប់ថា រវាងជនរងគ្រោះជាមួយនឹងខ្លួនគេធ្លាប់មានជម្លោះនៅក្នុងវង់ផឹកស៊ី ហើយបានរងនូវការប្រមាថមើលងាយពីប្រពន្ធ និងជនរងគ្រោះផងដែរ។
ជនសង្ស័យ បានបញ្ជាក់បន្ថែមថា រូបគេត្រូវបានរងនូវការប្រមាថពីប្រពន្ធជនរងគ្រោះដោយយកចង្កឹះមកវាយលើក្បាល ហើយរងការគំរាមថា និងបាញ់បំបែកក្បាលពីសំណាក់ព្រិន្ទបាលឯករូបនោះដែរ។ ដោយសារតែការប្រមាថមាក់ងាយនេះហើយ បានធ្វើអោយខ្លួនគេមានគំនុំដក់ជាប់ក្នុងចិត្ត គុំទុកយូរខែ ទើបនៅថ្ងៃកើតហេតុជាឱកាសល្អឃើញជនរងគ្រោះជិះម៉ូតូឌុបកូនដើរលេងមកក្បែរផ្ទះខ្លួនរស់នៅ ក៏សម្រេចចិត្តបញ្ចប់គំនុំចាស់នេះ។
ក្រោយកើតហេតុជនសង្ស័យមិនបានរត់គេចខ្លួនទេ គឺអោយគេដឹកតាមម៉ូតូចូលទៅសារភាពនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរបីជាន់តែម្តង។ បច្ចុប្បន្នកម្លាំងនគរបាលប៉ុស្តិ៍កំពុងសាកសួរនិងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ប្រភព៖ FB កែសម្រួលដោយ៖ NCN Daily