ភ្នំពេញ ៖ ករណីឃាតកម្មសម្លាប់បុរសវ័យក្មេងម្នាក់នៅផ្សារត្រពាំងព្រាយ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅកាលពី២ខែមុន ឥឡូវចាប់បានឃាតកហើយ នេះបើតាមការបញ្ជាក់ពីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩នេះថា ក្រោយពីកម្លាំងជំនាញរបស់លោកធ្វើការបង្ក្រាបក្រុមចោរឆក់ និងប្លន់ចំនួន៧នាក់ និងបានធ្វើការសាកសួរ អស់រយៈពេលមួយយប់មួយថ្ងៃ ទើបបែកធ្លាយក្រុមជនសង្ស័យចំនួន៣នាក់ ជាឃាតករបានវាយសម្លាប់បុរសម្នាក់ នៅខណ្ឌព្រែកព្នៅ កាលពី២ខែមុន។
លោក យឹម សារ៉ាន់ បានបន្តថា ជនសង្ស័យដែលជាប់ករណីឃាតកម្ម ទី១៖ ឈ្មោះ សៀង តុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងពិដាន មានទីលំនៅភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ, ២៖ ឈ្មោះ ម៉ៅ សុវណ្ណហៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិត មានទីលំនៅភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ និង៣៖ ឈ្មោះ យ៉ុង សហសវត្សន៍ អាយុ២៣ឆ្នាំ ស្នាក់នៅសង្កាត់ស្នោរ។
គួររំលឹកថា ឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោងជាង១០ ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ដោយគេប្រទះឃើញសាកសពបុរសម្នាក់ ត្រូវឃាតកម្មកាប់សម្លាប់បុរសវ័យក្មេងម្នាក់នៅក្នុងតូបពេទ្យធ្មេញ ស្ថិតនៅផ្សារត្រពាំងពាយ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
យ៉ាងណាក៏ដោយចំពោះករណីនេះ បើតាមការបញ្ជាក់របស់លោកអធិការថា ខណៈនេះកម្លាំងជំនាញខណ្ឌពោធិ៍សែនជ័យ កំពុងសហការយ៉ាងក្តៅគគុក ជាមួយកម្លាំងជំនាញខណ្ឌព្រែកព្នៅ និងកម្លាំងជំនាញនៃស្នងការដ្ឋានរាជធានីភ្នំពេញ កំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រកភស្តុតាងបន្ថែមទៀត៕