ខេត្តព្រះសីហនុ-(ដំណឹងបន្ថែម)ករណីជនជាតិចិនម្នាក់ ត្រូវឃាតករជាជនជាតិចិនដូចគ្នា បាញ់សម្លាប់កាលពីព្រឹកថ្ងៃ៦តុលា២០១៩ ក្នុងនោះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ជាជនជាតិចិនប្រុសស្រី នៅចំណុចរង្វង់មូលតោ២ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ចំណែកបក្ខពួកផ្សេងទៀត បានរត់គេចខ្លួនបាត់។
តាមរបាយការណ៍បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់រួមមាន ៖ ១-ឈ្មោះ DU QIANG ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។ ២-ឈ្មោះ CHEN MI XIANG ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិក KTV ស្នាក់នៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ ជនរងគ្រោះឈ្មោះ WU QINGWEI ភេទប្រុស អាយុ៤១ឆ្នាំ ត្រូវជនសង្ស័យបាញ់ចំនួន២គ្រាប់ (មួយគ្រាប់ចំកំភួនជើងខាងស្តាំធ្លាយ និងមួយគ្រាប់ទៀតចំលើដោះខាងឆ្វេងធ្លាយ ) ។
វត្ថុតាងចាប់យកបានរួមមាន ៖ សំបកគ្រាប់ចំនួន២គ្រាប់ ប្រភេទ ៩mm (នៅក្នុងរថយន្ត), គ្រាប់កាំភ្លើងចំនួន២គ្រាប់ ប្រភេទ ៩mm (នៅក្នុងរថយន្ត), ម្សៅក្រាម ពណ៌ស ២កញ្ចប់តូច សង្ស័យជាសារធាតុញៀន (នៅក្នុងរថយន្ត), រថយន្តម៉ាក Mitsubishi ពណ៌ប្រផេះ ពាក់ស្លាកលេខ: ភ្នំពេញ 2AJ-8653 ។
របាយការណ៍អង្កេតបានឲ្យដឹងថា តាមចម្លើយសារភាព បឋមរបស់ជនសង្ស័យថា ៖ ក-ករណីទី១ នៅថ្ងៃទី០៥.១០.២០១៩ វេលាម៉ោង២៣ និង៥០ នាទី ពួកគេទាំង៣នាក់ បានធ្វើសកម្មភាពប្លន់ប្រដាប់អាវុធ នៅក្នុងហាងលក់ខោអាវយីហោរ ហូលីវ៉ូត ដែលមានទីតាំងស្ថិតនៅមហោ ស្រពចាស់ ស្ថិតក្នុងភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ហើយពួកវាបានចាប់ចងដៃជនរងគ្រោះ ជាជនជាតិចិន ភេទស្រី មកខាង ក្រោយដោយប្រើខ្សែរិត(ស៊ីល) និងបានយកខ្សែក្រវាត់ ព្រមទាំង ក្រណាត់ទៅចងមាត់ជនរងគ្រោះកុំឲ្យស្រែក រួចយកទៅឃុំទុកនៅជាន់ទី៣ យកលុយអស់ចំនួន ២,០០០$ រួចគេចខ្លួន ។
ខ-ករណីទី២ នៅថ្ងៃទី០៦.១០.២០១៩ វេលាម៉ោង៧ និង៣០នាទី ពួកវាទាំង៣នាក់ដដែល បានណាត់ជនជាតិចិនម្នាក់ (ជនរងគ្រោះដែលបានស្លាប់) មកជួបក្នុងគោលបំណងចាប់ជំរិត លុះពេលជន រងគ្រោះចូលដល់ក្នុងរថយន្ត ពួកវាក៏យកកាំភ្លើងខ្លីភ្ជង់ជនរងគ្រោះ មិនឲ្យកម្រើក តែដោយជនរងគ្រោះរើបម្រាស់ខ្លាំងពេក ពួកវាក៏បាញ់ជនរងគ្រោះ ១គ្រាប់ ចំកំភួនជើងខាងស្តាំធ្លាយ ពេលនោះជនរងគ្រោះរឹតតែរើបម្រាស់ខ្លាំងឡើងថែមទៀត ទើបពួកវាបាញ់ជនរងគ្រោះ ១គ្រាប់ទៀត ចំលើដោះខាងឆ្វេងធ្លាយ បណ្តាលឲ្យស្លាប់នៅក្នុងរថយន្ត ។
បន្ទាប់មកពួកវាបានទម្លាក់សពជនរងគ្រោះចោលតាមផ្លូវ រួចបើករថយន្តគេចខ្លួន ដល់ចំណុចផ្លូវចូលវត្តក្រោម ក៏ផ្លុងទុករថយន្តចោលនៅទីនោះ រួចចែកផ្លូវគ្នារត់គេចរៀងៗខ្លួន ។ សន្និដ្ឋានរបស់សមត្ថកិច្ច ៖ ជាក្រុមជនប្រដាប់អាវុធ (ប្លន់ និងចាប់ជំរិត) ។
ចំពោះករណីនេះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងតាមរកចាប់ខ្លួនបក្ខពួក និងបន្តនីតិវិធីបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុ៕
ប្រភព៖Huy Bunleng
ដោយ៖NCN Daily