សៀមរាប៖ កិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ ២០១៩ ដែលព្រះ រាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ នឹងបើកជាផ្លូវការនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ ២០១៩ នេះក្រោមអធិបតី ភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រ កម្ពុជានិងដោយមានការចូលរួមពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីបរិស្ថាន និងគណៈប្រតិភូតំណាងក្រសួងបរិស្ថានអាស៊ាន និងមន្ត្រី ស្ថាប័ន ពាក់ព័ន្ធនានា សរុប ប្រមាណ ៤០០នាក់។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ការបើកកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថាន និងកិច្ចប្រជុំពាក់ ព័ន្ធនេះ ក្នុងខណៈដែលយើងអាចនិយាយបានថា បញ្ហាបរិស្ថាន ជាប្រធានបទ ស្នូលមួយនៃ របៀប វារៈសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចតំបន់។ ក្នុងបរិបទបច្ចុប្បន្ននេះ ការជំរុញទៅ មុខនិងការប្រកាន់ ខ្ជាប់ទៅ នឹងក្របខណ្ឌតំបន់និយមនិងពហុភាគីនិយម គឺជាគោលការណ៍ដ៏ សំខាន់សម្រាប់ ជំរុញកិច្ចសហ ប្រតិ បត្តិការ ក្នុងការដោះស្រាយបញ្ហាប្រឈមដែលកំពុងកើន មានឡើងក្នុងគ្រប់វិស័យ ជាពិសេសក្នុង ការដោះស្រាយបញ្ហាដែលកើតចេញពីការប្រែប្រួល អាកាសធាតុ និងបញ្ហាពាក់ព័ន្ធ។ ដូច្នេះ កិច្ចប្រជុំថ្ងៃនេះ គឺមានសារៈសំខាន់ណាស់ ហើយក៏ជា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ មួយសម្រាប់អាស៊ាន និងដៃគូក្នុង ការពិនិត្យ វឌ្ឍនភាព ក៏ដូចជាដាក់ចេញ នូវទិសដៅយុទ្ធសាស្ត្រ ដើម្បីឈានទៅ សម្រេចបាននូវ ការអភិវឌ្ឍ ប្រកបដោយនិរន្តភាពបរិស្ថាន សម្រាប់តំបន់របស់យើង និងពិភពលោក។
ឯកឧត្តមបានបន្តទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រោះមហន្តរាយដែលបាន កើតឡើងជា បន្តបន្ទាប់ ជុំវិញពិភពលោក បណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងការរិចរិលនៃបរិស្ថាន គឺកាន់តែ មានប្រពលភាព កាន់តែញឹកញាប់ និងកាន់តែមានភាពស្មុគស្មាញជាងមុន។ ជារួមផលប៉ះពាល់ទាំងនោះ គឺកាន់តែ មានសភាពធ្ងន់ធ្ងរ លើសពីអ្វីដែលពិភពលោកយើងធ្លាប់បានជួបប្រទះ កន្លងមក។ ជាការពិត ណាស់ ក្នុងរយៈពេលវែង ការប្រែប្រួលអាកាសធាតុ និងបញ្ហាបរិស្ថាន នឹងបង្កផលវិបាក ព្រមទាំងជះឥទ្ធិ ពលអវិជ្ជមានធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ច សង្គម និងសន្តិសុខក្នុង តំបន់ និងពិភពលោក។ ផ្អែកលើរបាយ ការណ៍របស់ UNESCAP ក្នុងឆ្នាំ២០១៩ ក្នុងមួយឆ្នាំៗ ការខាតបង់សេដ្ឋកិច្ចសម្រាប់អាស៊ីនិងអាស៊ីប៉ាស៊ី ហ្វិក ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ គឺមានទំហំ ៦៧៥ ប៊ីលានដុល្លារ អាមេរិក ឬប្រ មាណ ២,៤% នៃ ផ.ស.ស ក្នុងតំបន់។
ឯកឧត្តមបានបន្ថែមថា បញ្ហាការប្រែប្រួលអាកាសធាតុ និងបរិស្ថាន គឺជាបាតុភូតមួយ មានចរិត លក្ខណៈ ជាអន្តរវិស័យ ដែលត្រូវ ដោះស្រាយក្នុងរបៀបរួមមួយ ប្រកបដោយភាពប្រទាក់ក្រឡាគ្នា គ្រប់ជ្រុងជ្រោយ និងថ្លឹងថ្លែង គ្រប់ទិដ្ឋភាព ពោលគឺការធ្វើ សមាហរណកម្មការអភិវឌ្ឍ ដោយគិតគូរពីសង្គម សេដ្ឋកិច្ច និងបរិស្ថាន អាស៊ានចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញភាពជាដៃគូ ដើម្បីធានា ចីរភាព លើគ្រប់ទិដ្ឋភាពទាំងអស់សម្រាប់អាស៊ាន ខណៈដែលតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ ផ្សេងៗ ទៀតលើ ពិភពលោកកំពុងទទួលនូវការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
ទន្ទឹមនេះ យើងត្រូវពង្រឹងភាពជា ដៃគូជា មួយភាគីខាងក្រៅ និងទាញប្រយោជន៍ឱ្យបានច្រើនជាអតិបរមា ពីភាពជាដៃគូទាំងនេះ ដើម្បីគាំ ទ្រដល់ការសម្រេចគោលដៅរបស់តំបន់យើង។ ក្នុងន័យនេះ ខ្ញុំពិតជាសប្បាយរីករាយដែលបានឃើញ យើងបន្តឱ្យមានការចូលរួមជាមួយដៃគូផ្សេងទៀត ក្រៅពីអាស៊ាន និងជាពិសេសដៃគូសន្ទនារបស់យើង ដែលរួមមានប្រទេសចិន ជប៉ុន និងសាធារណៈរដ្ឋកូរ៉េ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ និងជំរុញកិច្ចសហប្រតិបត្តិការរបស់យើងជាបន្ទាន់ ក្នុងការ ដោះស្រាយ លើលំហូរកាកសំណល់ឆ្លងដែនខុសច្បាប់ ដែលបានប៉ះពាល់ដល់ប្រទេសជាច្រើន នៅអាស៊ាន ក្នុងរយៈ ពេលប៉ុន្មានខែថ្មីៗនេះ ជាពិសេសកាកសំណល់ផ្លាស្ទិក ។ នេះជាការគំរាម គំហែងលើ ប្រព័ន្ធអេកូ ឡូស៊ី សុខភាព សុខុមាលភាពរបស់ប្រជាជនយើង ក៏ដូចជាភាពទាក់ទាញ ទេសចរណ៍របស់ប្រទេសយើង។ យើងត្រូវរៀបចំឱ្យមានការចែករំលែកព័ត៌មាន ពង្រឹងកិច្ច សហប្រតិបត្តិការក្នុងចំណោមស្ថាប័នអនុវត្តផ្ទាល់ និងភាពជាដៃគូជាមួយប្រទេសដែលជា ប្រភពដើមនៃកាកសំណល់ ដើម្បីបញ្ឈប់លំហូរ ខុសច្បាប់នេះ ចេញពីប្រទេសដើម។
ឯកឧត្តមក៏បានជំរុញឱ្យក្រុមការងារអាស៊ានទទួលបន្ទុកគីមី និងសំណល់ ផ្តល់អាទិភាពក្នុងការ ដោះស្រាយ បញ្ហានេះ និងផ្តល់នូវវិធានការជាក់លាក់មួយចំនួនក្នុងរយៈពេលខ្លីខាងមុខ ដើម្បីឆ្លើយតបនឹងបញ្ហារួមនេះ ប្រកបដោយស្មារតីសហការ និងសហប្រតិបត្តិការ។
សូមជម្រាបជូនថា កិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន តែងតែធ្វើរៀងរាល់ ២ ឆ្នាំម្តង ក្នុងគោលបំណង ជជែកពិភាក្សាអំពីកិច្ច សហ ប្រតិបត្តិការ បរិស្ថាននៅក្នុងតំបន់។ កិច្ចប្រជុំលើកទី១៤ រដ្ឋមន្រ្តី បរិស្ថាន អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រួមទាំង កិច្ចប្រជុំជាមួយបណ្តាប្រទេសជាដៃគូសន្ទនា ត្រូវបានប្រារព្ធធ្វើឡើង កាលពីខែកញ្ញា ឆ្នាំ ២០១៧ នៅប្រទេសប្រ៊ុយណេដែលជាប្រទេសម្ចាស់ផ្ទះ៕ ដោយ NCNDaily