ក្នុងឱកាសទទួលជួបសវនាការជាមួយ ឯកឧត្តម ណាហ្សមុល កាវនិន (Md. Nazmul Quaunine) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ប្រចំាព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្នើដល់ឯកឧត្តមឯកអគ្គរដ្ឋទូត ធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយបណ្តាក្រសួង ស្ថាប័ននានា របស់កម្ពុជា សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាឲ្យកាន់តែស្អិតរមួតថែមទៀត។ ចំពោះរដ្ឋសភា បានត្រៀមខ្លួនជាសេ្រចក្នុងការធ្វើកិច្ចសហប្រតិបត្តិការពេញលេញ ដើម្បីឲ្យបេសកកម្មការទូតរបស់ឯកឧត្តម ណាហ្សមុល កាវនិន នៅកម្ពុជាទទួលបានជោគជ័យ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សម្តេចចង់ឃើញប្រទេសទំាងពីរកម្ពុជា-បង់ក្លាដេស បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ឲ្យកាន់តែរីកចម្រើនឡើងថែមទៀត។ ឯកឧត្តម ណាហ្សមុល កាវនិន បានអបអរសាទរចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលបានដឹកនាំរដ្ឋសភាជាថ្មីទៀតនៅក្នុងអាណត្តិថ្មីនេះ។ ឆ្លងតាមបទពិសោធន៍ដឹកនាំ កសាងប្រទេស ជាពិសេសការដឹកនាំស្ថាប័ននីតិប្បញ្ញត្តិជាច្រើនឆ្នាំមកនោះ ឯកឧត្តម ណាហ្សមុល កាវនិន មានជំនឿមុតមាំថា សម្តេចនឹងនាំមកនូវភាពជោគជ័យថ្មីៗជាច្រើនទៀត ជូនដល់ប្រទេស និងរដ្ឋសភាកម្ពុជា។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានស្នើសុំសម្តេចជួយជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងក្រុមមិត្តភាពរដ្ឋសភាកម្ពុជានិងបង់ក្លាដេស។ ពិសេសដំណើរទស្សនកិច្ចក្រុមមិត្តភាពសភាកម្ពុជា-បង់ក្លាដេស ទៅកាន់ប្រទេសបង់ក្លាដេសក្នុងពេលសមស្របណាមួយ។
ឯកឧត្តម ណាហ្សមុល កាវនិន បានពាំនាំការគោរពអញ្ជើញរបស់ប្រធានរដ្ឋសភាបង់ក្លាដេស គោរពអញ្ជើញសម្តេចប្រធានរដ្ឋសភាទៅបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅបង់ក្លាដេសផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរ ដែលកើតមានតំាងពីសម្តេចព្រះបរមរតនកោដ្ឋ និងអតីតនាយករដ្ឋមន្រ្តីបង់ក្លាដេស មកម្លេះ។
រហូតមកដល់ពេលបច្ចុប្បន្ននេះ នាយករដ្ឋមន្រ្តីប្រទេសទំាងពីរបានបន្តវប្បធម៌ដ៏ល្អនោះ ក្នុងនោះថ្នាក់ដឹកនាំបង់ក្លាដេសបានសម្រេចយកព្រះនាមសម្តេចព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ ដាក់ឈ្មោះមហាវិថីមួយនៅប្រទេសបង់ក្លាដេស។ ហើយកម្ពុជាបានសម្រេចយកឈ្មោះអតីតនាយករដ្ឋមន្រ្តីបង់ក្លាដេស ដាក់ឈ្មោះមហាវិថីមួយដែរ។ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជានិងបង់ក្លាដេស មានអតីតកាលប្រហាក់ប្រហែលគ្នា ឆ្លងកាត់សង្រ្គាម និងពេលបច្ចុប្បន្នបានទទួលស្គាល់នូវសន្តិភាពនិងការអភិវឌ្ឍដូចគ្នា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលយកសំណើខាងលើនិងបានគូសបញ្ជាក់ថា សម្តេចនឹងខិតខំជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឲ្យកាន់តែរឹងមាំនិងគ្រប់ជ្រុងជ្រោយ។ តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត សម្តេចបានគោរពអញ្ជើញលោកជំទាវប្រធានរដ្ឋសភា បង់ក្លាដេស មកបំពេញទស្សនកិច្ចនៅកម្ពុជា និងចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី- អ៊ឺរ៉ុប(ASEP) លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅចុងឆ្នាំ២០២០ ខាងមុខផងដែរ។
សម្តេចប្រធានរដ្ឋសភា បានបង្ហាញការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈជាមួយគ្នាលើវិស័យអទិភាពជាច្រើន ជាពិសេសការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរជាតិនានា សំដៅនំាមកនូវឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង និងរួមចំណែកយ៉ាងធំធេងដល់ការការពារ និងថែរក្សាសុខសន្តិភាព ក្នុងតំបន់ និងសកលលោក នៅក្នុងបរិបទសភាពការណ៍សកលលោកប្រែប្រួលមិនទៀងទាត់ដូចសព្វថ្ងៃ៕