កំពង់ចាម៖ ដោយសារតែទំនាស់រឿងបង្ហូរទឹកស្រែ ភាគីម្ខាងបានចាប់បុរសម្នាក់ ដែលជាគូទំនាស់ មានវ័យ ចំណាស់ជាងខ្លួន ចងដៃ ចងជើង រួចវាយដំ និងជ្រមុជទឹកស្រែ។ ករណីនេះ បានកើតឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចដីស្រែ ក្នុងឃុំផ្ដៅជុំ ស្រុកជើងព្រៃ ។
ភាគីរងគ្រោះឈ្មោះ លឹម ឡាំ អាយុ៧០ឆ្នាំ រស់នៅភូមិផ្ដៅជុំលិច ឃុំផ្ដៅជុំ ស្រុកជើងព្រៃ។ ចំណែកភាគីចាប់ជនរងគ្រោះចងដៃ ចងជើង ឈ្មោះ ប៉ែន នីម៉េ អាយុ៥៩ឆ្នាំ រស់នៅភូមិឃុំជាំមួយគ្នា។
មុនពេលកើតហេតុ គេឃើញភាគីបុរសឈ្មោះ លឹម ឡាំ បានទៅកាប់ដីបង្ហូរទឹកចេញ ពីស្រែរបស់គាត់ ចូលទៅក្នុងប្រឡាយទឹក។ លុះពេលបង្ហូរនោះ ទឹកក៏បានហូរចូលដីស្រែរបស់ភាគីបុរសឈ្មោះ ប៉ែន នីម៉េ ដែលបានទប់ដី មិនឲ្យទឹកហូរចេញពីស្រែរបស់ខ្លួន ធ្វើឲ្យបុរសឈ្មោះ ប៉ែន នីម៉េ ខឹងសម្បា ក៍មានការឈ្លោះប្រកែកគ្នារហូតឈានដល់ការប្រើប្រាស់អំពើហិង្សាដាក់គ្នា ទៅវិញទៅមក ប៉ុន្ដែដោយភាគីឈ្មោះ ប៉ែន នីម៉េ មានគ្នា២នាក់ប្រពន្ធ ក៍ចាប់ភាគីឈ្មោះ លឹម ឡាំ ចងដៃ ចងជើង ជ្រមុជទឹកស្រែតែម្ដង។
បន្តិចក្រោយមក ទើបមានប្រជាពលរដ្ឋទៅឃើញ បានឃាត់ភាគីទាំងសងខាង និងរាយការណ៍ជូនមន្ដ្រី នគរបាលមូលដ្ឋាន។ ករណីខាងលើនេះ សមត្ថកិច្ចព្រហ្មទណ្ឌខេត្តកំពង់ចាម កំពុងដំណើរការសំណុំរឿង ទៅតាមនីតិវិធី ដោយចាប់បញ្ជូនភាគីជនបង្កទៅសាលាដំបូងខេត្តកំពង់ចាម ហើយ៕