Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលជួបជូនពរ និងពិភាក្សាការងារជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី

ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលជួបជូនពរ និងពិភាក្សាការងារជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី

By NCN Daily

October 21, 2019

នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ​ ក្នុងដំណើរអញ្ជើញចូលរួមពិធីស្បថចូលកាន់តំណែងប្រធានាធិបតីឥណ្ឌូនេស៊ីរបស់​ ឯកឧត្តម ចូកូ វីដូដូ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបជូនពរ និងពិភាក្សាការងារដោយផ្ទាល់ជាមួយឯកឧត្តម ចូកូ វីដូដូ​ (Joko Widodo) ប្រធានាធិបតីឥណ្ឌូនេស៊ី​។

ជាកិច្ចចាប់ផ្តើមនៃជំនួបនោះ ឯកឧត្តម​ ប្រធានាធិបតីឥណ្ឌូនេស៊ី បានថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានអញ្ជើញចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់ឯកឧត្តម។ ឯកឧត្តម ក៏បានអរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានជំរុញកិច្ចសហការទ្វេភាគីដ៏រឹងមាំរវាងឥណ្ឌូនេស៊ី និងកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ​ ឯកឧត្តមប្រធានាធិបតី ដែលបានអញ្ជើញសម្តេច និងគណៈប្រតិភូចូលរួមក្នុងពិធី ហើយសម្តេចពិតជារីករាយក្នុងការចូលរួមពិធីដ៏សែនមានអត្ថន័យមួយនេះ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បាននាំយកនូវព្រះរាជបន្ទូលផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ ជូនឯកឧត្តមប្រធានាធិបតីផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថាក្នុងអាណត្តិថ្មីនេះ ឯកឧត្តមប្រធានាធិបតីនឹងរកពេលវេលាសមស្របទៅទស្សនកិច្ចនៅកម្ពុជា ខណៈដែលអតីតប្រធានាធិបតីឥណ្ឌូនេស៊ីចំនួន៤រូបមកហើយបានបំពេញទស្សនកិច្ចនៅកម្ពុជា។

នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន ក៏បានលើកពីបញ្ហារបស់ទីម័រដែលចង់ក្លាយជាសមាជិកអាស៊ានផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញក្តីសង្ឃឹមថា ប្រទេសសមាជិកអាស៊ានទាំងអស់នឹងសម្រេចពីការចង់ក្លាយជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននាទីក្រុងបាងកក នៅចុងឆ្នាំនេះ។

សម្តេចតេជោ បានថ្លែងថា ប្រទេសទីម័រខាងកើត បានខិតខំគ្រប់លទ្ធភាពដើម្បីក្លាយជាសមាជិកអាស៊ាន ជាពិសេសបានបើកស្ថានទូតនៅប្រទេសទាំង១០ នៃសមាជិកអាស៊ាន។ សម្តេចតេជោសង្ឃឹមថា ឯកឧត្តមប្រធានាធិបតីនឹងគាំទ្រប្រទេសទីម័រជាសមាជិករបស់អាស៊ាន។

ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី គាំទ្រការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការអនុញ្ញាតឱ្យទីម័រក្លាយជាសមាជិកទី១១ របស់អាស៊ាន ហើយឥណ្ឌូនេស៊ីគាំទ្រប្រទេសទីម័រ។ ឯកឧត្តម​ ប្រធានាធិបតី បានលើកឡើងថា ជារឿងដ៏សម្រាប់ការអនុញ្ញាតឱ្យទីម័រក្លាយជាសមាជិកអាស៊ាន។

សម្រាប់បញ្ហាទំនាក់ទំនងទ្វេភាគីវិញ​ ឯកឧត្តមប្រធានាធិបតី បានមើលឃើញមានការវិវឌ្ឍន៍យ៉ាងល្អប្រសើរ។ ដូចជាវិស័យសុខាភិបាលប្រទេសទាំងពីរមានការវិនិយោគរួមគ្នា ហើយវិស័យដឹកជញ្ជូនវិញប្រទេសទាំងពីរមានការហោះហើរត្រង់ជាមួយគ្នាផងដែរ។​ ប៉ុន្តែឯកឧត្តមមើលឃើញថា នៅមានវិស័យជាច្រើនទៀតដែលមានសក្តានុពលហើយត្រូវយកចិត្តទុកដាក់បន្ថែមដូចជាការដឹកជញ្ជូនផ្លូវដែក និងតាមផ្លូវទឹកជាដើម។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តមប្រធានាធិបតី ចូកូ វីដូដូ នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់ឥណ្ឌូនេស៊ី សម្រាប់អាណត្តិទី២របស់លោកពីឆ្នាំ២០១៩ ដល់ ២០២៤ បន្ទាប់ពី​ ឯកឧត្តមបានឈ្នះឆ្នោតកាលពីខែមេសា កន្លងទៅនេះ។

ពិធីចូលកាន់តំណែងរបស់ឯកឧត្តមត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធឹកអធមដោយមានការអញ្ជើញចូលរួមពីមេដឹកនាំប្រទេសសមាជិកអាស៊ាន និងមេដឹកនាំប្រទេសជាមិត្តមួយចំនួនទៀត៕