អ្នកស្រាវជ្រាវបុរាណវិទ្យា នៅថ្ងៃពុធ ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ បានធ្វើកំណាយ រកឃើញផូស៊ីលដើមឈើ បានប្រវែង១៤ម៉ែត្ររួចហើយនៅលើទីតាំងគម្រោងស្រាវជ្រាវក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងស្រុកលំផាត់ ខេត្តរតនគីរី។
លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នាយកដ្ឋានបេតិកភណ្ឌធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានឱ្យដឹងថាក្រុមការងរជំនាញក្រសួងបរិស្ថាន អ្នកបច្ចេកទេសមកពីរាជបណ្ឌិតសភាកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ អ្នកស្រាវជ្រាវអំពីសត្វ អ្នកធរណីវិទ្យា និងក្រុមការងារស្ម័គ្រចិត្ត នឹងបន្តធ្វើកំណាយសិក្សាស្រាវជ្រាវលើផូស៊ីលដើមឈើ រយ:ពេល ១សប្តាហ៍កន្លងមកហេីយ។ នៅពេលនេះ ក្រុមការងារបន្តកំណាយ លេីទីតាំងបន្ថែមទៀតព្រោះអ្នកស្រាវជ្រាវ បានរកឃេីញសំណាកមានមែកឈេី និងសង្ស័យមានដេីមឈេីថ្មនេះហាក់ជាដួលសង្កត់លេីដេីមឈេី។
លោក លឹម វណ្ណច័ន្ទ បានបន្តថា នេះជាគម្រោងស្រាវជ្រាវជាប្រវត្តិសាស្រ្តលើកទី០១ លើផូស៊ីលឈើនៅព្រះរាជាណាចក្រកម្ពុជា ដោយអ្នកជំនាញពាក់ព័ន្ធបុរាណវិទ្យា ហើយគម្រោងនេះ បានទទួលការគាំទ្រផ្តួចផ្តើមដោយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានសហការពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៃខេត្តរតនគីរី មន្ទីរបរិស្ថានខេត្ត មន្រ្តីឧទ្យានុរក្ស កងកំលាំងប្រដាប់អាវុធ និងប្រជាសហគមន៍តំបន់ការពារធម្មជាតិវាលកំបោរ។
លោក លឹម វណ្ណច័ន្ទ បានបញ្ជាក់ដែរថា គោលបំណងនៃការធ្វើកំណាយសិក្សាស្រាវជ្រាវនេះ នឹងប្រមូលទិន្នន័យ និងសំណាកសម្រាប់ចងក្រងជាឯកសារវប្បធម៌ប្រវត្តិសាស្រ្តមួយនៅកម្ពុជា។ លោក សៀង សុថា អតីតប្រធាននាយកដ្ឋានភូគព្ភសាស្រ្តក្រសួងរ៉ែ និងថាមពល បានចូលរួមដោយស្ម័គ្រចិត្តជាមួយក្រុមការងារដោយយល់ថាជាគម្រោងមានសារ:សំខាន់សម្រាប់ការស្រាវជ្រាវរកឃេីញផូស៊ីលឈេីថ្ម ដែលអាចកេីតឡេីងមានអាយុរាប់លានឆ្នាំ។ លោកជំនាញផ្នែកដីនេះរូបនេះបានបញ្ជាក់ ការរកឃេីញថ្មីនេះជាប្រយោជន៍សំខាន់នៃការសិក្សាស្រាវជ្រាវរបស់ជំនាន់ក្រោយ និងបង្ហាញពីការវិវត្តន៍ថ្មីនៃការស្រាវជ្រាវរបស់កម្ពុជាលេីកំណាយសិក្សាលេីផូស៊ីលឈេី។
សូមបញ្ជាក់ថា ក្រុមការងារស្រាវជ្រាវលើផូស៊ីលដើមឈើ បានចាប់ផ្តើមគម្រោងរបស់ខ្លួន ពីថ្ងៃ២២ ខែតុលា ហើយបន្តដល់ថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ២០១៩។ ក្រុមការងារ កំពុងបន្តពិនិត្យទីតាំងផូស៊ីលឈើចំនួន១៨កន្លែងផ្សេងទៀតក្បែរនោះសង្ស័យមាននៅក្នុងដែនជម្រកសត្វព្រៃលំផាត់។
លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគីរី បានបង្ហាញសេចក្តីសង្ឃឹមថា តំបន់នេះ នឹងអាចប្រែក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ជាទីតាំងទាក់ទាញការសិក្សាស្រាវជ្រាវបន្ថែមដល់សិស្ស និស្សិត ដែលអាចជាប្រយោជន៍នៃលើកកម្ពស់ការថែរក្សាធនធានធម្មជាតិ និងបង្កើនជីវភាពប្រជាពលរដ្ឋនៅក្នុងសហគមន៍។ លោកនឹងរៀបចំបង្កេីតជាស្នាក់ការងនៃតំបន់ការពារធម្មជាតិ ដេីម្បីការពារតំបន់កំណាយផងដែរ៕
ប្រភពៈ ក្រសួងបរិស្ថាន កែសម្រួលដោយ NCNDaily