ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ លើកឡើងថា វិស័យសំណង់នៅតែមានសុខុមាលភាពល្អនៅក្នុងឆ្នាំ២០១៩នេះ ខណៈ វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា បានដើរតួនាទីជាចលករ មួយដ៏សំខាន់ ក្នុងការជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។
ការរីកចម្រើននៃវិស័យអចលនទ្រព្យនេះ ក្រសួងយល់ថា បានបង្ហាញពីការវិវត្តឈានឡើង នៃសេដ្ឋកិច្ច កម្ពុជាប្រកបដោយស្ថេរភាព និងនិរន្តរភាព ពិសេសការរីកចម្រើន នៃវិស័យអចលនទ្រព្យ គឺជាការបង្ហាញ នូវការជឿជាក់របស់អ្នកអភិវឌ្ឍអចលនវត្ថុតាមរយៈការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ការលើកឡើងនេះត្រូវបានបង្ហាញឡើង តាមរយៈស្តីពី បូកសរុបលទ្ធផលការងារ ៩ ខែ ឆ្នាំ២០១៩ និងទិស ដៅការងារបន្តរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។
របាយការណ៍នោះបានឱ្យដឹង ថា គិតត្រឹមរយៈពេល ៩ ខែដើមឆ្នាំនេះ សំណង់នៅទូទាំងប្រទេសមានចំនួនសរុប ៣,៤៣៣ គម្រោងមានផ្ទៃក្រឡាសំណង់សរុបជាង ១៣ លានម៉ែត្រការ៉េ និងមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង ៦.៤៩៤ លានដុល្លារអាមេរិក បើប្រៀបធៀបនឹងរយៈពេល ៩ ខែដូចគ្នាឆ្នាំ២០១៨ មាន ២,៥៤១ គម្រោងមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង ៤.៨២០ លានដុល្លារអាមេរិក ពោលគឺមានការកើនឡើង ៣៤,៧៣%។
ក្នុងនោះរបាយការណ៍ដដែលក៏បានបញ្ជាក់ឲ្យដឹងទៀតថា «ក្នុងចំណោមគម្រោងទាំងអស់ក្នុងនោះសម្រាប់សមត្ថកិច្ចក្រសួងបានផ្តល់លិខិតអនុញ្ញាតសាងសង់ប្រមាណ ២៧៤ គម្រោងមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង ៥.៧៥២ លានដុល្លារអាមេរិកបើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ មាន ២២៤ គម្រោង មានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង ៤.៤៧៥ លានដុល្លារអាមេរិក គឺមានការកើនឡើង ២៨,៥៣%។ ចំពោះសមត្ថកិច្ចរដ្ឋបាលរាជធានី ខេត្តមាន ១៥៩ គម្រោងមានតម្លៃប៉ាន់ស្មានទុនវិនិយោគជាង ៧៤២ លានដុល្លាអាមេរិក ធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨មាន ៣៤៤ លានដុល្លារដុល្លារអាមេរិក ពោលកើនឡើងជាង ១១៥%»។
ស្របពេលទុនវិនិយោគក្នុងវិស័យសំណង់នៅរយៈពេល៩ខែឆ្នាំ២០១៩ នេះកើនឡើងជាង ៣៤% វិស័យមួយនេះក៏បានបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋជិត ១៥ ម៉ឺននាក់ក្នុង ១ ថ្ងៃ។
ពាក់ព័ន្ធវិស័យសំណង់កម្ពុជាលោក ជាសុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ធ្លាប់មានប្រសាសន៍កាលពីពេលកន្លងទៅថា «ពីឆ្នាំ ២០០០ ដល់ឆ្នាំ២០០៧ គម្រោងវិនិយោគនៅក្នុងប្រទេសកម្ពុជាយើងនៅលើវិស័យសំណង់មានតែ ៣.២០០ លានដុល្លារអាមេរិក ពីឆ្នាំ២០០៨ ដល់ ២០១១ ឡើងដល់ ១.២ លានុដល្លារអាមេរិក តែមកដល់ឆ្នាំ២០១២ដល់២០១៨ ចាប់ផ្តើមឡើងកំហុក ឡើងរហូតដល់៥,៧៥៥ លានដុល្លារ»។
លោករដ្ឋមន្ត្រីរូបនេះក៏បានបញ្ជាក់ទៀតថា ក្នុងវិស័យសំណង់កម្ពុជា ក្រុមហ៊ុនចិនបានបោះទុនវិនិយោគ ២.៨៦៥ លានដុល្លារអាមេរិកជាប់ចំណាត់ថ្នាកទី១ ប្រទេសកូរ៉េជាប់ចំណាត់ថ្នាកទី២ បានបោះទុនវិនិយោគ ១.៦៥០ លានដុល្លារ និងប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់ទី៣ បានបោះទុនវិនិយោគ ៣៨២ លានដុល្លារ។
ពាក់ព័ន្ធនឹងកំណើនទុនវិយោគក្នុងវិស័យសំណង់នេះដែរ យោងតាមការវិភាគលើទិន្នន័យដែលប្រើប្រាស់ជាមធ្យោបាយវាស់វែង ពីសុខុមាលភាពវិស័យអចលនទ្រព្យ របស់អ្នកជំនាញអលចនទ្រព្យនៅកម្ពុជា បានបង្ហាញឡើងកាលពីពេលថ្មីៗនេះដែរ ថាវិស័យអចលនទ្រព្យកម្ពុជានៅបន្តភាពរឹងមាំ និងមានភាពធន់ខ្ពស់នៅឆ្នាំ ២០១៩នេះ ហើយនឹងបន្តកើនឡើងចន្លោះពី ១០ ភាគរយ ទៅ ១៥ ភាគរយក្នុងមួយឆ្នាំ ដែលជាអត្រាកំណើនល្អមួយ ហើយប្រជាពលរដ្ឋកម្ពុជា នៅតែមានឱកាសល្អក្នុងការវិនិយោគ ដើម្បីទទួលបានផលចំណេញពីការរីកចម្រើននេះ៕
ប្រភព Realestae.com