ព្រឹទ្ទសភា៖ ព្រឹកថ្ងៃចន្ទ ៧រោច ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០១៩ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំសម័យប្រជុំលើកទី៤ព្រឹទ្ធសភា នីតិកាលទី៤ បន្ត ដោយមានវត្តមានសមាជិក សមាជិកា ចូលរួមចំនួន៥៣រូប និងមានរបៀបវារៈ ៖ ១- ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
២- ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេស ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការ បង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។ ៣- ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី២ ស្តីពីការកំណត់ច្រកទ្វារព្រំដែនឆ្លងកាត់នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្របសម្រួលការដឹកជញ្ជូនទំនិញឆ្លងកាត់។ ៤- ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
៥- ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីការបង្កើតសម្ព័នភាពថាមព-លព្រះអាទិត្យអន្តរជាតិ។ តំណាងរាជរដ្ឋាភិបាលដែលត្រូវបានចាត់ឲ្យអញ្ជើញចូលរួមការពារសេចក្តីព្រាងច្បាប់ទាំង៥នេះរួមមាន៖ -ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្ម-ការចម្រុះកិច្ចការព្រំដែនរួមជាមួយសហការីចំនួន១២រូប(សេចក្តីព្រាងច្បាប់ក្នុងរបៀបវារៈទី១)។ -ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងសហការីចំនួន៦រូប(សេចក្តីព្រាងច្បាប់ក្នុងរបៀបវារៈទី២និងទី៣)។ -ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសហការីចំនួន៨រូប(សេចក្តីព្រាងច្បាប់ក្នុងរបៀបវារៈទី៤)។ -ឯកឧត្តម សាយ សំំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងសហការីចំនួន១១រូប(សេចក្តីព្រាងច្បាប់ក្នុងរបៀបវារៈទី៥)។
-បន្ទាប់ពីបានស្តាប់របាយការណ៍របស់គណៈកម្មការជំនាញពាក់ព័ន្ធស្តីពីលទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ទាំង៥ខាងលើ និងស្តាប់មតិពិភាក្សាផ្តល់យោបល់របស់ សមាជិកអង្គប្រជុំ និងការបកស្រាយបំភ្លឺរបស់តំណាងរាជរដ្ឋាភិបាលរួចមក អង្គប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤ ក៏បានអនុម័តលើខ្លឹមសារទាំងមូល នៃសេចក្តីព្រាងច្បាប់ទាំង៥ ដោយ ឥតកែប្រែ និងចាត់ទុកជាការប្រញាប់ ចំនួន៥៣សម្លេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។