ភ្នំពេញ ៖ មហាជនកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ស្របពេលដែលគ្រោះរញ្ជួយដីទ្រង់ទ្រាយធំ ដែលត្រូវបានគេហៅថាជាគ្រោះរញ្ជួយដីខ្នាតយក្ស កំពុងតែវាយប្រហារប្រទេសដែលជាប់ទឹកដីកម្ពុជា គឺ ថៃ និងឡាវ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញនេះ ដោយភ្នាក់ងារសិក្សាស្រាវជ្រាវអំពីការរញ្ជួយដី (EMSC) បានបញ្ជាក់ថា ការរញ្ជួយដីកម្រិត៦រ៉ិចទ័របានវាយប្រហារនៅភាគពាយព្យ ប្រហែល២១៩គីឡូម៉ែត្រ ពីទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដែលមានជម្រៅប្រហែល១០គីឡូម៉ែត្រ។
ប្រភព EMSC បានបញ្ជាក់ទៀតថា ការកក្រើកញាប់ញ័រផែនដីនេះ បានធ្វើឲ្យមានរំញ័រទៅដល់ចម្ងាយប្រហែល១០០គីឡូម៉ែត្រ ពីចំណុចកណ្តាលនៃការរញ្ជួយដីនេះ ប៉ុន្តែ EMSC បានអះអាងថា ការរញ្ជួយដីនេះ ទំហំតែ ៥.៧រ៉ិចទ័រប៉ុណ្ណោះ ដែលដំណាលពេលជាមួយគ្នានេះដែរ នៅប្រទេសថៃ ក៏មានសេចក្តីរាយការណ៍ថា មានគ្រោះរញ្ជួយដីទំហំ៦.១រ៉ិចទ័រ។ ប្រព័ន្ធផ្សព្វផ្សាយរបស់ថៃបានផ្សាយថា ការរញ្ជួយដីនៅពេលនេះ មានជម្រៅប្រហែល ១០គីឡូ ម៉ែត្រ និងមានចម្ងាយប្រហែល៩២គីឡូម៉ែត្រ ភាគឦសានពីទីក្រុងមឿងណាន ហើយកាលពីខែមីនា ឆ្នាំ២០១១ មនុស្សរាប់សិបនាក់បានស្លាប់ដោយសារការរញ្ជួយដីនៅមីយ៉ាន់ម៉ាម្ដងរួចមកហើយ៕
ប្រភព៖ FB កែសម្រួលដោយ៖ NCN Daily