ក្រសួងកសិកម្មបានចេញសេចក្ដីប្រកាសព័ត៌មាន ទាក់ទងទៅនឹងបញ្ហាស្រូវធ្លាក់ថ្លៃនៅតាមបណ្ដាលខេត្ដមួយចំនួនតាមព្រំដែនថៃដែលមានដូចជា ខេត្ដបន្ទាយមានជ័យ បាត់ដំបង និងខេត្ដពោធិ៍សាត់ជាដើម។ នេះបើយោងតាមផេកផ្លូវការរបស់ក្រសួងដែលបានបង្អោះកាសពីរាត្រីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩។
ចំពោះករណីនេះ ក្រសួងបានសូមជម្រាបជូនសាធារណៈជន បណ្ដាយព័ត៌មាន ក្រុមហ៊ុន ពាណិជ្ជករ សហគមន៍កសិកម្ម និងប្រជាជនទាំងអស់ជាជ្រាបថា តាមរយៈការស្រាវជ្រាវព័ត៌មានពីបណ្ដាមន្ទីរកសិកម្មខេត្ដ បានបង្ហាញថានៅតាមបណ្ដាខេត្ដដែលបាននឹងកំពុងមមាញឹកក្នុងការប្រមូលផល គឺស្រូវនៅមានតម្លៃសមរម្យនៅឡើយ លើកលែងតែស្រូវដែលគុណភាពអន់ ហើយក៏មានក្រុមហ៊ុន និងរោងម៉ានស៊ីនកិនស្រូវមួយចំនួនបានសហការជាមួយមន្ដ្រីជំនាញ ចុះប្រមូលទិញដោយផ្ទាល់ និងប្រមូលទិញតាមកិច្ចសន្យាយ៉ាងស្រស្រាក់ស្រស្រាំផងដែរ។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានយកចិត្ដទុកដាក់ខ្ពស់ក្នុងការជួយអន្ដរាគមន៍ដល់កសិករដោយបានបញ្ចេញថវិកា ៥០ លានដុល្លារ ក្នុងគោលដៅដើម្បីរក្សាស្ថិរភាពថ្លៃ និងប្រមូលទិញស្រូវពីកសិករ ហើយស្ដុកទុក កិនកែច្នៃ និងនាំចេញ។
ជាមួយគ្នានេះផងដែរ នៅពីថ្លៃទី១៩ ខែធ្នូ ក្រសួងនឹងធ្វើពិធីប្រកាសជាផ្លូវការរោងម៉ាស៊ីកិនស្រូវដែលទទួលបានការអនុញាត្ដនាំចេញអង្ករទៅកាន់ប្រទេសចិន ដែលជាការចូលរួមចំណែកពង្រីកទីផ្សារអង្ករ និងធានាបាននូវស្ថិរភាពតម្លៃទីផ្សារស្រូវ អង្កររបស់កសិករ។
ក្រសួងបានបញ្ជាក់ព័ត៌មានដែលចុះផ្សាយទាំងនោះ គឺផ្ទុយពីការពិតដែលក្រសួងបាននិងកំពុងយកចិត្ដទុកដាក់លើបញ្ហានេះ ជាធ្វើឲ្យសាធារណៈជនដែលមិនយល់ហេតុផលមានការយល់ច្រលំមកលើរដ្ឋាភិបាលពិសេសក្រសួងកសិកម្ម៕