ខេត្តស្វាយរៀង៖ នៅវេលាថ្ងៃត្រង់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ ស្ដ្រីម្ចាស់ហាងភោជនីយដ្ឋាន តន្ត្រីសំណាងអាណេ ក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលត្រូវកូនប្រុសអធិការក្រុងបាវិត បាញ់ប្រហារនៅក្នុងខាងនោះ បានស្លាប់បាត់បង់ជីវិត នៅមន្ទីរពេទ្យប្រទេសវៀតណាម បើតាមសេចក្តីរាយការណ៍ពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា នៅពេលនេះសពកំពុងត្រូវបានសាច់ញាតិបញ្ជូនត្រឡប់មកស្រុកកំណើតវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
គួរបញ្ជាក់ផងដែរថា អធិការរងនគរបាលក្រុងបាវិត ទទួលផែនការងារប្រឆាំងគ្រឿងញៀន ដែលបាញ់ប្រហារស្រ្តីម្ចាស់ហាង «តន្រ្តីសំណាងដាណេ» បណ្តាលឲ្យរបួសធ្ងន់ចំក្បាល នឹងត្រូវបញ្ជូនទៅកាន់តុលាការ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ។
អធិការរងក្រុងបាវិតឈ្មោះ កែវ ចិត្រា អាយុជិត៣០ឆ្នាំ ដែលជាកូនប្រុសបង្កើតអធិការនគរបាលក្រុងបាវិត លោក កែវ គង់ កាលពីយប់មិញ បានដកកាំភ្លើងបាញ់ចំនួន២គ្រាប់ ដោយមួយគ្រាប់បាញ់ឡើងលើ និងមួយគ្រាប់ទៀតបាញ់ចំស្ត្រីជាម្ចាស់ហាង។ ករណីនេះបានកើតឡើងនៅក្នុង ហាងភោជនីយដ្ឋាន តន្ត្រីសំណាងអាណេ ក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
មូលហេតុដែលនាំឲ្យមានការបាញ់ប្រហារនេះ ដោយសារជនដៃដល់ខឹងម្ចាស់ហាងយកម្ហូបមកយឺតពេក។ លោកស្នងការថា ជនសង្ស័យនឹងបញ្ជូនទៅកាន់តុលាការ ហើយមិនអាចទុកបាននោះទេ ព្រោះនាំឲ្យប៉ះពាល់ដល់អង្គភាព និងនគរបាលជាតិ។
ក្រោយការបាញ់ប្រហារជនដៃដល់ កែវ ចិត្រា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ និងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង៕