ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សំណង់ផ្សេងៗដែលមានអាយុកាលចាប់ពី ៥០ឆ្នាំឡើងទៅ ត្រូវតែប្រឹងប្រែងថែរក្សាទុក។ ចំណុចនេះសម្តេចបញ្ជាក់ថា ស្ពានសម័យបារាំង នៅខេត្តបាត់ដំបង មិនមានការវាយចោលនោះទេ។
ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា ដោយជោគជ័យមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ប្រមាណ២៧៩០នាក់ នៅវិទ្យាស្ថានជាតិអប់រំ។
បន្ថែមលើនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងឲ្យនាំគ្នាថែរក្សាស្ពានថ្ម នៅមុខសាលាខេត្តបាត់ដំបង ដែលមានអាយុជាង ១០០ឆ្នាំនោះ។ សម្តេចថែមទាំងណែនាំ ឲ្យរកវិធីបង្កើតស្ពានបន្ថែមទៀត នៅទីនោះផងដែរ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «កន្លងទៅស្រាប់តែនាំគ្នាផ្អើលថាយើងនាំគ្នាប្រុងវាយស្ពាននៅបាត់ដំបង ស្ពានសម័យបារាំង។ សូមបញ្ជាក់ អ្វីដែលបន្សល់ទុកលើសពី ៥០ឆ្នាំទៅ គឺខិតំរក្សា។ អាហ្នឹងក្លាយទៅជា សមិទ្ធិផល ហើយអានោះជាង ១០០ឆ្នាំ រឿងអីត្រូវទៅវាយ? ខិតខំរក្សាវា ជួសជុលធ្វើម៉េចដើម្បីទប់កុំឲ្យវាបាក់»។
«អាជ្ញាធរខេត្តបាត់ដំបង គ្រាន់តែចង់ឲ្យចៀសវាងគ្រោះថ្នាក់របស់ប្រជាពលរដ្ឋ ធ្វើយ៉ាងម៉េចកុំឲ្យប្រជាពលរដ្ឋឆ្លងកាត់អាហ្នឹងទៀត។ ប៉ុន្តែជំនួសមកវិញ យើងត្រូវរកវិធីធ្វើស្ពានបន្ថែមនៅកន្លែងនោះ មិនមែនជាការវាយចោលទេ»។ សម្តេចគូសបញ្ជាក់បន្ថែម។
សូមបញ្ជាក់ថា បន្ទាប់ពីមានការមិនយល់ស្របពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងមហាជនអំពីគម្រោងរុះរើស្ពានថ្មចាស់ ដែលបន្សល់ទុកពីជំនាន់អណានិគមបារាំង នៅមុខសាលាខេត្តបាត់ដំបងនោះ, នៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តបាត់ដំបង បានចេញមកប្រកាសជំហរថានឹងអភិរក្សស្ពានថ្មចាស់បុរាណនេះ ឲ្យបានគង់វង្ស ដោយមានការរុះរើចេញឡើយ។
កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មិនឯកភាពឡើយចំពោះបំណង របស់រដ្ឋបាលសាលាខេត្តបាត់ដំបង ដែលចង់រុះរើស្ពានថ្ម នៅមុខសាលាខេត្តបាត់ដំបង បន្សល់ទុកតាំងពីសម័យអណានិគមបារាំងមកនោះ។ ជាមួយនឹងការមិនឯកភាព ចំពោះបំណងរបស់រដ្ឋបាលសាលាខេត្តបាត់ដំបងនេះ លោកស្រី ភឿង សកុណា បានធ្វើលិខិតមួយច្បាប់គោរពជូនទៅឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុំកិច្ចអន្តរាគមន៍ចុះពិនិត្យរកដំណោះស្រាយមួយ ក្នុងការរក្សាទុកស្ពានថ្មមួយនេះ។
ក្នុងលិខិតលោកស្រី ភឿង សកុណា លើកឡើងថា ស្ពានថ្មចាស់បន្សល់ពីអណានិគមបារាំង ស្ថិតនៅមុខសាលាខេត្តបាត់ដំបង ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបងនេះ ពុំគួររុះរើនោះឡើយ ដោយសារស្ពាននេះមានអាយុកាលដ៏ចំណាស់ជាង១០០ឆ្នាំមកហើយ។ មួយវិញទៀត ស្ពាននេះជាសំណង់បេតិកភណ្ឌទីក្រុង នៅសល់តែមួយគត់ក្នុងខេត្តបាត់ដំបង និងនៅសល់តែមួយគត់នៅកម្ពុជា ដែលមានតម្លៃប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម នគរូបនីយកម្ម និងបរិស្ថាន។
លោកស្រីរដ្ឋមន្ត្រី បានលើកឡើងទៀតថា ស្ពាននេះចាត់ទុកជាសមរតកដ៏កម្រមួយនេះ គួរតែថែរក្សាទុក និងធ្វើការជួសជុលឡើងវិញ ហើយប្រើប្រាស់ជាស្ពានថ្មើរជើង។ សំណើសុំរក្សាទុកស្ពានថ្មមួយនេះ នាំឲ្យមានការគាំទ្រជាច្រើនពីប្រជាពលរដ្ឋខ្មែរ ទាំងអ្នកនៅក្នុងខេត្តបាត់ដំបង ក៏ដូចជានៅបណ្តាខេត្តដទៃ ដែលពួកគេចង់ឲ្យមានការរក្សាទុក នូវសំណង់ប្រវត្តិសាស្ត្រមួយនេះ៕