កំពត: កាលពី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមន្ត្រីប៉ូលិសម្នាក់ រងរបួសធ្ងន់ (បាក់ឆ្អឹងជំនីរ ៩) ត្រង់ចំណុចគល់ស្ពានកំពង់បាយ ស្ថិតក្នុងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។
នៅមុនពេលកើតហេតុ ជនរងគ្រោះ កំពុងតែឈរសម្រួលចរាចរណ៍ដល់អ្នកដំណើរតាមផ្លូវ ដើម្បីបញ្ចៀសការកកស្ទះ ខណ:នោះ ស្រាប់តែមានរថយន្តដឹកដី១គ្រឿង ម៉ាកនីសាន់ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3D-4825 បានបើកយ៉ាងលឿន បុករះរថយន្តពីរគ្រឿង និងកិនលើជនរងគ្រោះ បណ្តាលឲ្យរបួសធ្ងន់ សន្លប់បាត់មាត់ឈឹង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យប្រទេសវៀតណាម។
ជនរងគ្រោះឈ្មោះ ហេង ហាក់ឡៃ ភេទប្រុស អាយុ៥០ឆ្នាំ មានតួនាទី មន្ត្រីនគរបាលចរាចរណ៍ រស់នៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ។ ចំណែកអ្នកបើកបររថយន្តបង្ក ឈ្មោះ ជៀម ភក្តី ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិក្រាំងលាវ ឃុំថ្នល់ដាច់ ស្រុកបាទី ខេត្តតាកែវ។
ភ្លាមៗនោះ រថយន្តបង្កមិនបានឈប់ឡើយ ព្យាយាមបើករត់ តែត្រូវពលរដ្ឋ និងសមត្ថកិច្ចស្ទាក់ចាប់ជាប់។ អ្នកបើករថយន្តបង្ក ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការនគរបានខេត្ត ដើម្បីចាត់ការតាមនិតីវិធីច្បាប់៕
ប្រភព៖Heng Ly
កែសម្រួលដោយ៖NCN Daily