កែប៖ រដ្ឋបាលខេត្តកែប នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការបិទបញ្ចប់ជាស្ថាពរនៃប្រតិបត្តិការរុករកជនរងគ្រោះ នៅក្រោមគំនរបាក់បែកអគាររលំ។ រដ្ឋបាលខេត្តកែបបានបញ្ជាក់ថា ប្រតិបត្តិការនៃការរុករកជនរងគ្រោះ ប្រើរយៈពេលជិត០២ថ្ងៃ (៤៣ម៉ោង២០នាទី) ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ជាស្ថាពរត្រឹមវេលាម៉ោង១១៖៣៥ថ្ងៃត្រង់ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។
តុល្យការជនរងគ្រោះ ដែលក្រុមការងារ បានជួយសង្គ្រោះយកចេញពីគំនរបាក់បែកនៃអគាររលំ មានចំនួនសរុប៥៩នាក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួន៣៦នាក់ (ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះទាំងនេះ មានក្មេងចំនួន០៦នាក់ (ក្មេងស្រី២នាក់) និងរងរបួសចំនួន២៣នាក់ (ស្រី០៨នាក់)។ ក្នុងចំណោមអ្នកស្លាប់ ៣៦នាក់នោះ មានក្រុមគ្រួសារមួយបានស្លាប់ទាំងអស់ ប្តី ប្រពន្ធ និងកូនប្រុស២នាក់ ឈ្មោះថា ហាស់ សុគុណ (ប្តី) ហែម សុគុណ (ប្រពន្ធ) និងកូនប្រុសពីរនាក់អាយុ៨ និង៩ ឆ្នាំ លី គីមឈីង លី គីមឆាយ ។
នេះបើតាមគណនេយ្យហ្វេសបុកពូ ជីម៉េរ ដែលជាសាច់ញាតិជនរងគ្រោះខាងលើ បានបង្ហោះសារពោរពេញដោយទុក្ខសោកយ៉ាងដូច្នេះថា ៖ វើការហត់ណាស់បងតែនៅញញឹមស្រស់ទៀតបង តែឥឡូវបង នឹង គ្រួសារ បងលែងហត់ហើយ សម្រាកទៅបង សម្រានលក់អោយស្រួុលណា បងប្រុស បងស្រី នឹង ក្មួយៗ ។ គ្រួសារ ធំរបស់បង អ៊ុំៗ មីងៗ បងៗ ប្អូនៗ ក្មួុយៗ យំតែ 5 ទៅ 10 ថ្ងៃ គាត់ ឈប់យំហើយ ។ មើលតែម្តាយបង គាត់ពិការដៃម្ខាងទៀត ដោយសារគេបុកកាលខែមុន គាត់យំសម្លប់ មិនដឹងជាប៉ុន្មានដងទេហើយ។ ហាស់_សុគុណ ប្តី ហែម_សុគុណ ប្រពន្ធ លី_គីមឈីង កូន លី_គីមឆាយ កូន មួយគ្រួសារ R. I. P )