កណ្តាល៖ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាបានគូសបញ្ជាក់ថា ចាប់ពីឆ្នាំ២០២០តទៅ សិស្ស-និស្សិតនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវបានផ្លាស់ប្តូរឯកសណ្ឋានថ្មី ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការកំណត់អត្តសញ្ញាណ ការពង្រឹងវិន័យអ្នកសិក្សា និងងាយស្រួលដល់ការគ្រប់គ្រងរបស់គ្រូនគរបាល។
ថ្លែងក្នុងពិធីផ្សព្វផ្សាយអំពីការប្រើប្រាស់ឯកសណ្ឋានថ្មី សម្រាប់និស្សិតនាយនគរបាល និងសិស្សនគរបាល កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាបានមានប្រសាសន៍ថា ការផ្លាស់ប្តូរនៅឯកសណ្ឋាននេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីកំណត់អត្តសញ្ញាណ និងពង្រឹងវិន័យអ្នកសិក្សា ព្រមទាំងផ្ដល់នូវភាពងាយស្រួលក្នុងការគ្រប់គ្រង។ ឯកឧត្តម នាយឧត្តមសេនីយ៍បានបន្ដថា ការផ្លាស់ប្ដូរឯកសណ្ឋាននេះក៏ ដើម្បីលើកកម្ពស់កិត្យានុភាព ឧត្ដមភាពរបស់បណ្ឌិតសភានគរបាល និងអាចប្រៀបធៀបបានជាមួយស្ថាប័នបណ្ដុះបណ្ដាលកងកម្លាំងនគរបាលនៃប្រទេសនានាក្នុងក្របខណ្ឌអាស៊ាន និងតំបន់ ដែលស្ថាប័នទាំងនោះ បាននឹងកំពុងអនុវត្តន៍របៀបនេះដែរ។ ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍បានបន្ថែមថា ការកំណត់ឯកសណ្ឋាននេះគឺដើម្បីឱ្យស្របនឹងទិដ្ឋភាពច្បាប់ និងមានការឯកភាពគ្នាក្នុងការប្រើប្រាស់ឯកសណ្ឋាន សម្រាប់និស្សិតនាយនគរបាលបន្តវេន និងសិស្សនគរបាលចាប់ពីឆ្នាំ២០២០នេះតទៅ ។
សូមបញ្ជាក់ថា ចំពោះឯកសណ្ឋានថ្មីនេះ គឺមានការស្រដៀង និងឯសណ្ឋាននគរបាលជាតិដែរ តែខុសប្លែកនៅលើពណ៌មួក សញ្ញាលើស្មា និងស្លាកសញ្ញានានា។ សម្រាប់មួក និងសញ្ញាលើស្មាគឺមានអត្តន័យដូចជា ពណ៌ក្រហម សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំទី២ ពណ៌ត្នោត សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំទី១ ពណ៌ខៀវ សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី៤ ពណ៌ស្វាយ សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ពណ៌បៃតង សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី២ ពណ៌ទឹកក្រូច សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី១ និងពណ៌លឿង សម្គាល់សិស្សនគរបាលជាតិ៕