(ភ្នំពេញ) ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញលិខិតផ្លូវការមួយ ប្រាប់ឲ្យអគ្គនាយកដ្ឋានពន្ធដារ អនុវត្តន៍ឲ្យបានប្រសិទ្ធភាពខ្ពស់ ចំពោះការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន លើការលើកលែងពន្ធមួយចំនួន សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប, វិស័យកាត់ដេរ និងអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន។
ការសម្រេចលើកលែងពន្ធមួយចំនួននេះ ធ្វើឡើងដើម្បីទ្រទ្រង់ដល់វិស័យទេសចរណ៍ វិស័យកាត់ដេរ និងកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍នៃការផ្ទុះឡើងនូវជំងឺខូវិដ-១៩ និងការព្យួរភាពអនុគ្រោះពន្ធ លើទំនិញមួយចំនួន នៅក្រោមកម្មវិធី EBA។
ការសម្រេចលើកលែងពន្ធរបស់រាជរដ្ឋាភិបាលលើវិស័យទាំង៣នោះរួមមាន៖
១៖ វិស័យទេសចរណ៍ លើកលែង (រដ្ឋទទួលបន្ទុកពន្ធជំនួស) នូវការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ របស់សណ្ឋាគារ និងផ្ទះសំណាក់ ដែលបានចុះបញ្ជី ជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម ក្នុងខេត្តសៀមរាប សម្រាប់រយៈពេល៤ខែ ចាប់ពីខែកុម្ភៈ រហូតដល់ខែឧសភា ឆ្នាំ២០២០។ អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់ នៅតែមានកាតព្វកិច្ចពន្ធ ដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម ជារៀងរាល់ខែ ក្នុងរយៈពេលលើកលែងពន្ធនេះ។ មិនធ្វើសវនកម្មពេញលេញ សម្រាប់ការិយបរិច្ឆទឆ្នាំ២០២០ ចំពោះសហគ្រាស ក្នុងវិស័យសណ្ឋាគារ និងផ្ទះសំណាក់ ដែលបានចុះបញ្ជីជាមួយ អគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម ក្នុងខេត្តសៀមរាប។
២៖ វិស័យកាត់ដេរ លើកលែងពន្ធ (Tax Holiday) អាចពី៦ខែទៅ១ឆ្នាំ សម្រាប់រោងចក្រ សហគ្រាស ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ទៅតាមកម្រិតភាពធ្ងន់ធ្ងរនៃផលប៉ះពាល់ ជាក់ស្ដែងរោងចក្រនីមួយៗ ដែលបណ្ដាលមកពី ការខ្វះវត្ថុធាតុដើមផលិត និងការព្យូរ EBA។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវដឹកនាំសម្រប់សម្រួលរៀបចំរូបមន្ដ និងគោលការណ៍ជាក់លាក់ សម្រាប់ការវាយតម្លៃផ្ដល់ការលើកលែងពន្ធនេះ។
៣៖ អ្នកអភិវឌ្ឍន៍លំនៅដ្ឋាន លើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះដែលមានតម្លៃទាបជាង៧០០០០ដុល្លារ ក្នុងរយៈពេល១ឆ្នាំ គិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០២១សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ដែលបានចុះបញ្ជីនៅក្រសួង និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ