ភ្នំពេញ៖ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០នេះ គឺជាថ្ងៃដែលព្រះរាជាណាចក្រកម្ពុជា ត្រូវរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ប៉ុន្តែដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានសម្រេចផ្អាក ការប្រារព្ធព្រះរាជពិធីបុណ្យនេះ ដែលគ្រោងរៀបចំឡើងនៅខេត្តកំពង់ធំ។
ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងខែពិសាខ នៅឯវាលព្រះមេរុ ស្ថិតនៅខាងជើងព្រះបរមរាជវាំង នៃរាជធានីភ្នំពេញសព្វថ្ងៃ តែឆ្នាំខ្លះព្រះរាជពិធីនេះ ក៏ធ្វើនៅតាមបណ្តាខេត្តដែរ ជាព្រះរាជពិធីមួយមានប្រវត្តិដ៏យូរលង់ណាស់មកហើយ។
ព្រះរាជពិធីបុណ្យប្រពៃណីនេះ ធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ម្យ៉ាងទៀតក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាជនខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ។
ខាងក្រោមនេះជាប្រវត្តិខ្លះៗ នៃព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័ល៖
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលត្រូវបានគេប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ នៅក្នុងខែពិសាខ គឺជាព្រះរាជពិធីមួយ សំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ហើយក៏ជាព្រះរាជពិធីមួយ ស្ថិតក្នុងចំណោមព្រះរាជពិធីផ្សេងៗឯទៀតប្រចាំឆ្នាំ ដែលចាត់ចូលជាព្រះរាជពិធីទ្វារទសមាស។ នៅប្រទេសឥណ្ឌាបុរាណ និងនៅព្រះរាជាណាចក្រកម្ពុជា ការប្រកបរបរកសិកម្មជាមុខរបរចម្បង ដោយពឹងពាក់ទាំងស្រុងលើស្រូវអង្ករ និងភោគផល ដំណាំដទៃៗទៀត (បច្ចុប្បន្ន ប្រជានុរាស្ត្រខ្មែរ ប្រកបមុខរបរធ្វើស្រែចម្ការពី៨៣ ទៅ ៨៥%)។
តាមពិតទៅ ការបង្កើតផលិតផលស្រូវអង្ករ ឬក៏ផលដំណាំផ្សេងៗ ដូចជាពោត សណ្តែក ល្ង ដោយព្រះរាជាតាមរយៈព្រះរាជពិធីខាងលើនេះ បណ្តាលមកពីកត្តាចម្បងមួយ គឺលក្ខណៈស័ក្តិសិទ្ធិរបស់តួអង្គ «ស្តេច» ក្នុងក្រសែភ្នែករបស់ប្រជានុរាស្ត្រ។ មានន័យថា ផលដំណាំពុំមែន ស្ថិតនៅត្រឹមតែការដាំដុះ បច្ចេកទេស ឬសេដ្ឋកិច្ចនោះទេ ពោលគឺប្រាកដជាបណ្តាលមកពីពិធីកម្មនេះឯង។
តាមទម្លាប់ពិធីនេះធ្វើឡើងក្នុងការផ្សង មើលប្រថ្នូលរបស់ស្រុកទេស ទៅតាមការ ស៊ីផឹក របស់ «គោឧសភរាជ»។ គោ១នឹម ដែលទឹមច្រត់ព្រះនង្គ័លនោះ គេហៅថា «គោឧសភរាជ» ក៏មានកំណត់ក្នុងលក្ខណៈតាមបែបនិយមបច្ចុប្បន្ន គឺសម្បុរខ្មៅ ស្នែងរាងជ្រពាស់ ឈ្នក់ ឬ ប្រក់នាគ គឺរាងខុបទៅមុខបន្ដិច ហើយវាត់ចុងទៅលើបន្ដិច ។ គោ២ នឹមទៀត ដែលសម្រាប់ ហែមុខហែរក្រោយឃើញថា មិនទាន់កំណត់លក្ខណៈ តែតាមដែលធ្លាប់ប្រើមក ហើយឃើញច្រើនតែសម្បុរក្រហម។ ឯ «គោឧសភរាជ» នោះវេលាទឹមច្រត់ព្រះនង្គ័ល គេប្រដាប់ដោយគ្រឿងគឺពាក់ស្រោមមុខស្រោមស្នែង និងពាក់សំពត់កម្រាល សម្បុរក្រហមលើខ្នងផង។ ឯព្រះនង្គ័លទាំង៣នោះ គេលាបថ្នាំពណ៌ខ្មៅកាត់ខ្សែក្រហមដោយអន្លើៗឯចន្ទោលព្រះនង្គ័ល សម្រាប់អ្នកតំណាងព្រះអង្គនោះមានលក្ខណៈពិសេសគឺធ្វើជារូបនាគ លាបថ្នាំពណ៌លឿងបែប យ៉ាងពណ៌មាស ។ នៅត្រង់កនាគមានភូធ្វើពី រោមសត្វសម្បុរ បែបភូទួន។
ទាក់ទិននឹងការផ្សងគោឧសភរាជគឺ ព្រាហ្មណ៍ព្រះរាជគ្រូ សូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឱ្យស៊ីផឹកអាហារ៧យ៉ាង ដែលភ្នាក់ងាររៀបដាក់តុប្រាក់ធំៗ តាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវ១តុ គ្រាប់សណ្ដែក១តុ គ្រាប់ពោត១តុ គ្រាប់ល្ង១តុ ស្មៅស្រស់១តុ ទឹក១តុ ស្រា១តុ ។ សូត្រចប់ព្រាហ្មណ៍ព្រះរាជគ្រូ យកទឹក មន្ដប្រោះក្បាលព្រះគោទាំងពីរ ហើយមន្ដ្រីម្នាក់ដែលកាន់នង្គ័លស្ដេចមាឃ ដឹកគោឧសភរាជទាំងពីរទៅឱ្យស៊ីផឹក របស់ទាំង៧យ៉ាង គឺដឹកទៅជិតរបស់៧យ៉ាងស្រេចហើយ តែគោឧសភរាជចូលចិត្ដស៊ីផឹកអ្វី ក៏ស៊ីផឹកទៅគេមិនបង្ខំឱ្យស៊ីផឹក ចំពោះអាហារណានីមួយៗទេ កាលព្រះគោស៊ីផឹកអ្វីមួយយ៉ាង ឬពីរយ៉ាងព្រាហ្មណ៍ក៏ទាយផលប្រផ្នូលទៅខាងមុខតាមនោះប្រកាសផ្សាយ៕