គម្រោងសាងសង់ផ្លូវហាយវ៉េល្បឿនលឿនតម្លៃ ៤៦០ លានដុល្លារមួយត្រូវបានស្នើសុំ ដែលវានឹងរត់កាត់ពីទីក្រុងហូជីមិញ ប្រទេសវៀតណាម មកកាន់ចក្រទ្វារព្រំដែនអន្តរជាតិវៀតណាម-កម្ពុជា Moc Bai នៅក្នុងខេត្ត Tay Ninh ។
អគ្គនាយកដ្ឋានផ្លូវជាតិវៀតណាម បានដាក់ជូននូវការសិក្សាលទ្ធភាពជាមុន លើផ្លូវហាយវ៉េប្រវែង ៥៣,៣ គីឡូម៉ែត្រ ដោយស្នើឡើងទៅក្រសួងសាធារណការ និង ដឹកជញ្ជូនវៀតណាម ។ យោងតាមការសិក្សា ការសាងសង់ផ្លូវហាយវ៉េនឹងប្រព្រឹត្តទៅក្រោមភាពជាដៃគូ រវាងវិស័យសាធារណៈ និង ឯកជន ។ វានឹងត្រូវបានធ្វើឡើងជា ២ ដំណាក់កាល និង ចំណាយប្រាក់អស់ប្រហែល ៤៥៩,៣៦ លានដុល្លារ ។
គួរបញ្ជាក់ថា ផ្លូវហាយវ៉េនោះនឹងត្រូវរត់ពីផ្លូវ Ring Road 3 (ក្នុងសង្កាត់ Hoc Mon ទីក្រុងហូជីមិញ) ទៅកាន់ចក្រទ្វារព្រំដែនអន្តរជាតិវៀតណាម-កម្ពុជា Moc Bai ស្ថិតក្នុងភាគខាងត្បូងខេត្ត Tay Ninh ។
ដំណាក់កាលទី ១ នឹងត្រូវបែងចែកជា ២ ផ្នែកទៀត គឺ ខ្សែទី ១ មានប្រវែង ៣៣ គីឡូម៉ែត្រ ពីទីក្រុងហូជីមិញ ទៅកាន់សង្កាត់ Trang Bang ក្នុងខេត្ត Tay Ninh ដែលនឹងមាន ៤ គន្លង ហើយអាចបើកបរដល់ល្បឿង ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង ។ ខ្សែទី ២ មានប្រវែង ២០,៥ គីឡូម៉ែត្រ ពីសង្កាត់ Trang Bang ទៅចក្រទ្វារព្រំដែនអន្តរជាតិវៀតណាម-កម្ពុជា Moc Bai ដែលនឹងមាន ៤ គន្លង ហើយអាចបើកបរដល់ល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង ។ បន្ទាប់ពីបញ្ចប់ដំណាក់កាលទី ១ រួច នោះដំណាក់កាលទី ២ នឹងពង្រីកផ្លូវដល់ចន្លោះ ៦ ទៅ ៨ គន្លង ៕ប្រភពប្រជាប្រិយ