Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
សម្តេចប្រធានរដ្ឋសភា ចង់ឃើញកម្ពុជា-មីយ៉ាន់ម៉ា មានទំនាក់ទំនងកាន់តែល្អក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងវប្បធម៌

ព័ត៌មានជាតិ

សម្តេចប្រធានរដ្ឋសភា ចង់ឃើញកម្ពុជា-មីយ៉ាន់ម៉ា មានទំនាក់ទំនងកាន់តែល្អក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងវប្បធម៌

By NCN Daily

April 30, 2019

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសវនាការជាមួយ លោកជំទាវ អោង សានស៊ូជី ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ខណៈដែល លោកជំទាវ បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងជំនួបសវនាការនេះ សម្តេច បានលើកឡើងថា រដ្ឋសភាកម្ពុជាចង់ឃើញរដ្ឋាភិបាលទាំងពីរ (កម្ពុជា និងមីយ៉ាន់ម៉ា) បន្តពិចារណារួមគ្នាថែមទៀត គិតគូរពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាអាទិ៍៖ កសិកម្ម ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ ជាពិសេស វិស័យវប្បធម៌ ដោយប្រើប្រាស់សក្តានុពលវប្បធម៌ ដើម្បីជំរុញការអភិវឌ្ឍន៏សេដ្ឋកិច្ច ។

សម្តេច បានគូសបញ្ជាក់ថា កម្ពុជា-មីយ៉ាន់ម៉ា ជាប្រទេសភូមិផង ដែលប្រជាជនមានប្រពៃណី វប្បធម៌ និងអត្តសញ្ញាណជាតិដ៏ល្អផូរផង់ស្រដៀងគ្នា គោរពប្រណិបត្តិព្រះពុទ្ធសាសនាដូចគ្នា។ សម្តេចអគ្គមហពញាចក្រី ក៏បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ។ នាពេលកន្លងមក សភាប្រទេសទំាងពីរ មានកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាច្រើនផងដែរ។ ក្រៅពីការផ្លាស់ប្តូរបទពិសោធន៍ការងារនីតិកម្ម ក៏តែងតែគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភានានា ដូចជា អាយប៉ា និងASEPជាដើម ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជម្រាប លោកជំទាវ អោង សានស៊ូជី ថា នៅឆ្នំា២០២០ នេះ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី១៣ របស់អាសិប(ASEP) ។ សភាកម្ពុជាសង្ឃឹមថា សភាមីយ៉ាន់ម៉ា នឹងអញ្ជើញចូលរួមផងដែរ ។

លោកជំទាវ អោង សានស៊ូជី បានជម្រាប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ពីស្ថានភាពនយោបាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ មីយ៉ាន់ម៉ា ក្រោយពីមានការបោះឆ្នោតដោយសេរី បានធ្វើឲ្យប្រទេសជាតិមានការកែទម្រង់និងបង្រួបបង្រួមជាតិ។ លោកជំទាវ បានលើកឡើងពីសារៈសំខាន់របស់រដ្ឋសភា ដែលជាកន្លែងតាក់តែងច្បាប់និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងជាយន្តការសំខាន់នៅក្នុងការលើកកម្ពស់ដំណើរការប្រជាធិបតេយ្យ។ លោកជំទាវ ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលចង់ឃើញប្រទេសទំាងពីរ មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្នាកាន់តែស៊ីជម្រៅ។ លោកជំទាវ អោង សានស៊ូជី បានជម្រាប សម្តេច ថា នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន លោកជំទាវ និងសម្តេចតេជោ នាយករដ្ឋមន្រ្តី បានជជែកគ្នាជាច្រើនពីការពង្រឹងពង្រីកទំនាក់ទំនងខាងវិស័យវប្បធម៌។

លោកជំទាវ អោង សានស៊ូជី បានគូសបញ្ជាក់ថា នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឲ្យកាន់តែរឹងមាំថែមទៀត ពិសេសការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកនៅគ្រប់កម្រិត រួមទាំងការចូលរួមនៅក្នុងវេទិកាសភានានា ពិសេសវេទិកា (ASEP) ដែលកម្ពុជាគ្រោងធ្វើម្ចាស់ផ្ទះនោះ។ លោកជំទាវទីប្រឹក្សា នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក៏ចង់ឃើញប្រទេសទំាងពីរមានទំនាក់ទំនងល្អលើ វិស័យទេសចរណ៍ អប់រំ ជាពិសេសលោកជំទាវចង់ឃើញឲ្យមានកិច្ចសហប្រតិបត្តិការគ្នារវាងប្រាសាទអង្គរវត្តកម្ពុជានិងតំបន់វប្បធម៌របស់មីយ៉ាន់ម៉ា។

សម្តេចប្រធានរដ្ឋសភា បានអបអរសាទរចំពោះជោគជ័យ នៃនយោបាយបង្រួបបង្រួមជាតិ ការធ្វើកំណែទម្រង់សេដ្ឋកិច្ច សង្គម ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកជំទាវ ដែលបានសម្រេចបានជាបន្តបន្ទាប់មកនេះ។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានអរគុណប្រទេសមីយ៉ាន់ម៉ា ដែលបានផ្តល់អាហារូបករណ៍ជាបន្តបន្ទាប់ ដល់សមណនិស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសមីយ៉ាន់ម៉ា។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្នើសុំលោកជំទាវ ជួយគាំទ្រដល់អ្នកវិនិយោគទុនកម្ពុជា ដែលបានទៅវិនិយោគ នៅប្រទេសមីយ៉ាន់ម៉ា ដែលបច្ចុប្បន្ននេះ មានប្រមាណ៣០ក្រុមហ៊ុន ៕