នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញជួបពិភាក្សាការងារជាមួយលោកជំទាវ អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងឱកាសដែលលោកជំទាវអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅក្នុងប្រទេសកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារ ដែលធ្វើឡើងនៅវិមានសន្តិភាពនោះ លោកជំទាវ អោង សានស៊ូជី (Aung San Suu Kyi) បានជម្រាបជូនសម្តេចតេជោថា នេះគឺជាលើកទី១ហើយ ដែលលោកជំទាវ បានបំពេញដំណើរទស្សនកិច្ចមកកាន់កម្ពុជា ក្នុងការមកជួបចរចាជាមួយនឹងសម្ដេចតេជោ ហើយជាពិសេសគឺដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើនខ្លាំងឡើង ហើយកាន់តែសកម្មឡើងថែមទៀត។ ក្នុងន័យនេះ លោកជំទាវបានលើកឡើង ពីកិច្ចសហប្រតិបត្តិការ លើវិស័យវប្បធម៌ វិស័យសាសនា វិស័យអប់រំ ដូចជាវិស័យសេដ្ឋកិច្ចផងដែរ។