នៅរាត្រីថ្ងៃទី២ ខែឧសភា ២០១៩ដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម មុនពិធីគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឡេ ឌឹកអាញ់ នៅព្រឹកថ្ងៃស្អែក។ ក្នុងជំនួបពិភាក្សាគ្នានោះ ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម បានមានប្រសាសន៍ថាក្នុងនាមរដ្ឋាភិបាលនិងប្រជាជនវៀតណាម ឯកឧត្តមផ្ទាល់សូមសំដែងនូវការគោរពយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃបំផុត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឡេ ឌឹកអាញ់ ដែលជាមេដឹកនាំដ៏ឆ្នើមរបស់ប្រទេសនិងប្រជាជន វៀតណាម។