នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យ ឯកឧត្តម លីម ប៊ុនហុក អគ្គលេខាធិការគណៈកម្មការជាតិយូណេស្កូកម្ពុជា ចូលជួបពិភាក្សាការងារ លើកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន ។
ឯកឧត្តម លឹម ប៊ុនហុក បានលើកឡើងថា គោលបំណងសំខាន់ៗចំនួន៣ ស្នើសុំកិច្ចសហការពីក្រសួងបរិស្ថាន គឺ ការដាក់បេក្ខភាពប្រកួតយករង្វាន់UNESCO-Sultan Qabus 2019 ដែលរៀបចំដោយអង្គការយូណេស្កូសម្រាប់បុគ្គល ឬ ស្ថាប័ន ដែលមានស្នាដៃឆ្នើមក្នុងការអភិរក្សបរិស្ថាន ក្នុងសម័យប្រជុំវេទិកាពិភពលោកផ្នែកវិទ្យាសាស្រ្តលើកទី១៥ ក្នុងខែវិច្ឆិកាខាងមុខនេះ នៅប្រទេសហុងគ្រី។ ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្រ្តីទាក់ទងនឹងការសម្របសម្រួល និងជំរុញឱ្យបង្កើតគណៈកម្មការមនុស្ស និងឋបនីយជីវមណ្ឌល ព្រមទាំងការបង្កើតឱ្យមានឧទ្យាន Geo Park នៅកម្ពុជាផងដែរ។