ភ្នំពេញ៖ កាលព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន ក្រុមការងារគ្រប់គ្រងសំណល់ប្លាស្ទិក ជួបប្រជុំគ្នាលើកទី១ ក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារគ្រប់គ្រងសំណល់ប្លាស្ទិក ដើម្បីពិភាក្សាលើផែនការសកម្មភាពសាកល្បងរយៈពេល០៦ខែ លើការកៀរគរធនធានហិរញ្ញ វត្ថុសម្រាប់ ប្រតិបត្តិការនិងការបែងចែកភារកិច្ចនិងការទទួលខុសត្រូវក្នុងការអនុវត្តការងារ។
ឯកឧត្តម អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រង និងកាត់បន្ថយ សំណល់ប្លាស្ទិកនៅកម្ពុជា តាមរយៈការលើកសំណើគោលនយោបាយ ការរៀបចំបទប្បញ្ញត្តិនានា និងការរៀបចំយុទ្ធនាការផ្សព្វផ្សាយ ក្រុមការងារគ្រប់គ្រងសំណល់ ប្លាស្ទិកត្រូវបានបង្កើតឡើងតាមរយៈ សេចក្តីសម្រេចលេខ ០០៤ សសរ.ក.ជ.អ.ច. ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩។ ក្រុមការងារនេះត្រូវពិគ្រោះយោបល់និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិលលើការងារគ្រប់គ្រង និងការអនុវត្តសកម្មភាពកាត់បន្ថយសំណល់ប្លាស្ទិក និងប្រអប់ស្នោនៅកម្ពុជា។
សូមបញ្ជាក់ថានៅក្នុងឱកាសនេះ ក្រុមការងារគ្រប់គ្រងសំណល់ប្លាស្ទិក បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ លើផែនការសកម្មភាព នៃគម្រោង គ្រប់គ្រងសំណល់ប្លាស្ទិក សម្រាប់ធ្វើការសាកល្បង០៦ខែ ដោយផ្តោត លើ៖ ១. បទប្បញ្ញត្តិស្តីពីការគ្រប់គ្រងទុយោប្លាស្ទិក និងប្រអប់ស្នោសម្រាប់ខ្ចប់អាហារ និងការប្រមូលថ្លៃលើការប្រើប្រាស់សំណល់ប្លាស្ទិក ២. យុទ្ធនាការស្តីពីសំណល់ប្លាស្ទិក ៣. ការងារដែលក្រសួងបរិស្ថាននឹងដឹកនាំជាគម្រូ និង ៤. ហិរញ្ញប្បទាននវានុវត្តន៍ស្តីពីប្លាស្ទិក/ សំណល់ ផ្សេងៗ។
ជាមួយនេះដែរ អង្គប្រជុំក៏បានពិភាក្សាលើបញ្ហាប្រឈមពីការប្រើប្រាស់បា្លស្ទិក និងការអនុវត្តនៅ ក្នុងប្រទេសកម្ពុជា ដែលទាមទារអោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ការលើកកម្ពស់ការ យល់ដឹងជា សាធារណៈតាមសាលារៀន សហគ្រាសឯកជន ស្ថាប័នរដ្ឋ ព្រមជាមួយនឹងការវាយតម្លៃ លើកការអនុវត្ត យន្តការច្បាប់ដែលមានជាធរមាន និងការអនុវត្តគម្រោង សាកល្បងដែលអាចយក ជាគម្រូសម្រាប់ការ គ្រប់គ្រងសំណល់ប្លាស្ទិក៕