ខេត្តព្រះសីហនុ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័របើកកៀរម៉ូតូមួយគ្រឿងបណ្ដាលឲ្យបុរសម្នាក់រងរបួសជើង កាលពីវេលាម៉ោង ២និង៤០នាទី ថ្ងៃទី ៤ ឧសភា ឆ្នាំ ២០១៩ នៅចំណុចមុខប៉ុស្តិ៍ប្រជាការពារតាមបណ្ដោយផ្លូវជាតិលេខ៤ ជិតរោងចក្រញូវស្តារ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
បើតាមការរៀបពីអ្នកឃើញហេតុការណ៍ថា គេឃើញបុរសម្នាក់ជិះម៉ូតូម៉ាក សង់សេ១២៥ ពាក់ស្លាកលេខ ព្រះសីហនុ 1G-1173 ធ្វើដំណើរតែម្នាក់ឯងក្នុងទិសដៅ ភ្នំពេញ-ព្រះសីហនុ ស្របជាមួយរថយន្តកុងតឺន័រមួយគ្រឿងម៉ាក FUSO ស្លាកលេខ តាកែវ 3A-1016 មកដល់ចំណុចកើតហេតុ ត្រូវបានរថយន្តនេះកៀរទាំងម្ចាស់និងម៉ូតូទាក់ជាប់ខ្សែហ្វាំងម៉ូតូក្រោមរថយន្តកុងតឺន័រចំហៀងខាងស្ដាំអូសទាំងមនុស្សនិងម៉ូតូជិត១០០ម៉ែត្រ ទើបរថយន្តសម្រេចចិត្តឈប់។