ភ្នំពេញ៖ យោងតាមប្រភពដែលស្និទ្ធនឹងស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា បុរសជនជាតិចិនម្នាក់ដែលជាមេខ្លោងបង្ហោះនូវវីដេអូឃ្លីបខ្លីមួយដែលមានខ្លឹមសារគំរាមកំហែង បង្កអសន្តិសុខ នៅក្រុងព្រះសីហនុ ត្រូវបានសមត្ថកិច្ចនគរបាលចិនចាប់ខ្លួន នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងប្រទេសចិន។
ក្រោយចាប់ខ្លួន ជនសង្ស័យបានសារភាពថា ពួកគេបានថត និងបង្ហោះលេងទេ ហើយជនសង្ស័យបានទទួលកំហុស ចំពោះទង្វើខុសឆ្គងរបស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយ ប្រភពព័ត៌មានដែលស្និទ្ធនឹងស្ថានទូតចិន បានបញ្ជាក់ចុងក្រោយថា សមត្ថកិច្ច នៃប្រទេសចិននឺងបញ្ជូនជនសង្ស័យនោះមកកាន់ប្រទេសកម្ពុជា ដើម្បីប្រគល់ខ្លួនឲ្យសមត្ថកិច្ចកម្ពុជា ចាត់ការតាមផ្លូវច្បាប់។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ មានជនជាតិចិនមួយក្រុម បានបង្ហោះវីដេអូខ្លីមួយ ដោយអួតអាងថា ពួកគេមកពីខេត្តឆុងឆីង ប្រទេសចិន ហើយពួកគេនឹងបង្កអសន្តិសុខ នៅក្នុងក្រុងព្រះសីហនុ រយៈពេល៣ឆ្នាំទៀត ហើយថា បើពួកគេចង់ឲ្យក្រុងព្រះសីហនុ មានសុវត្ថិភាព គឺសុវត្ថិភាព បើចង់ឲ្យអសុវត្ថិភាព គឺអសុវត្ថិភាព! ។
ការគំរាមកំហែងពាក់ព័ន្ធនឹងសុវត្ថិភាព សន្តិសុខ នៅក្នុងក្រុងព្រះសីហនុនោះ ត្រូវបានលោកឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា ចេញបញ្ជាឲ្យសមត្ថកិច្ចកម្ពុជា តាមស្រាវជ្រាវជាបន្ទាន់ ដើម្បីចាប់ខ្លួនក្រុមជនសង្ស័យ នាំមកចាត់ការតាមច្បាប់។ ស្របគ្នានោះដែរ ស្ថានទូតចិនប្រចាំ នៅប្រទេសកម្ពុជា ក៏បានចេញសេចក្ដីថ្លែងការណ៍មួយ ថ្កោលទោសចំពោះទង្វើខុសច្បាប់នេះ ហើយថែមទាំងប្រកាស អំពីកិច្ចសហប្រតិបត្តិការ ដើម្បីនាំខ្លួនជនសង្ស័យ មកចាត់ការតាមច្បាប់របស់កម្ពុជា ទៀតផង៕ (ប្រភពពី Tnaot APP)