កំពង់ចាម៖ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី ខៀវ ទេពរង្ស៊ី កាញារីទ្ធិ កាលពីនៅព្រឹកថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០១៩ បានអញ្ជើញ ប្រគល់អំណោយជាស្បៀង អាហារ ស្រាយបួស ជូនបងប្អូនខ្មែរឥស្លាម ចំនួន ៤៥០គ្រួ សារ នៅឃុំព្រែក តានង់ ស្រុកកោះសូទីន ខេត្តកំពង់ចាម ក្នុងកញ្ចប់អំណោយនីមួយៗ មានអង្ករ៥០គីឡូ, មី១កេះ,ប្រេងឆា២លីត្រ , ស្ករសរ២គីឡូ, មីឡូ១កំប៉ុង, ទឹកដោះគោ២កំប៉ុង , សាប៊ូ១កញ្ចប់ និងថ្នាំដុសធ្មេញ៤ប្រអប់ ។ ក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានក៏បានផ្តល់ថវិកា សម្រាប់ដោះស្រាយចាក់ដីតារាងបាល់ទាត់ភូមិតានង់ទី៧ ចំនួន៣០០ឡានផងដែរ។
ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា៖ ប្រទេសកម្ពុជា មានសុខសន្ដិភាព ដឹកនាំដោយសម្ដេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា គោល នយោបាយសុខដុមបនីយកម្មថ្មីមួយទៀត ក្នុងចំណោមគោលនយោបាយសុខដុមនីយកម្មនានា ជាច្រើន ដែលសម្តេចតេជោ កាលពីថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ នៅក្នុងពិធីទទួលទានអាហារស្រាយបួសជាមួយសាសនិកឥស្លាមជិត ៥០០០នាក់ បានប្រកាសអោយមន្ទីរពេទ្យរដ្ឋ និងបង្អែកគ្រប់ខេត្តក្រុង ជួយសម្រួលដោះស្រាយបន្ទប់ថ្វាយបង្គំដល់សាសនិកឥស្លាម ដែលមកទទួលសេវាព្យាបាល ក៏ដូចជាបុគ្គលិកពេទ្យដែលកាន់សាសនាឥស្លាម ដែលពួកគាត់ធ្លាប់តែមានកង្វល់ នៅពេលដល់វេលាថ្វាយបង្គុំតែមិនមានបន្ទប់ត្រឹមត្រូវនៅតាមទីសាធារណៈ ជាពិសេសមន្ទីរពេទ្យ ខណៈនៅអាកាស យាន្តដ្ឋាន និងទីប្រជុំធំៗ មួយចំនួនបាន ដោះ ស្រាយរួចរាល់ជាបណ្តើរៗ។
ឯកឧត្តមបន្តថា៖ ទោះបីសាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ ក៏ប៉ុន្តែគោលនយោបាយសុខដមបនីយកម្មបានកំពុងផ្តល់សិទ្ធិសេរីភាពគ្រប់បែបយ៉ាង ជាមួយការផ្តល់ភាពកក់ក្តៅ និង ចូលរួមដោះស្រាយរាល់ទុក្ខលំបាកដល់សាសនិកនានាទៀត ក្នុងក្របខណ្ឌនៃប្រជាជាតិតែមួយដែលរួមរស់រួមសុខក្នុងម្លប់សន្តិភាពតែមួយ។ សូមបញ្ជាក់ថា៖ អំណោយខាងលើជាការឧបត្ថម្ភពីសប្បុរសជន សាសនិកឥស្លាមនៅ ប្រទេសបារាំង តាមរយៈអង្គការ LiFE សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងមានការចូលរួមសហការពីថ្នាក់ដឹកនាំ ក្រុមការ ងាររបស់ក្រសួងព័ត៌មានផងដែរ ៕